Connect with us

ទឹកស្ទឹងសង្កែខេត្តបាត់ដំបង ឡើងជិតដល់កម្រិតប្រកាសអាសន្ន នៅព្រឹកនេះ

បាត់ដំបង៖ គិតត្រឹមម៉ោង៦:៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងសង្កែខេត្តបាត់ដំបង មានកម្ពស់ ១៣,៥០ ម៉ែត្រហើយ ដែលកម្ពស់ទឹកប្រុងប្រយ័ត្នគឺ ១៤ម៉ែត្រ។ រដ្ឋបាលក្រុងបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសបងប្អូនជាជនពិការ កុមារតូចៗ និងជនចាស់ជរា។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៩ ខែតុលា រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញ ដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង។

មកទល់ពេលនេះ តំបន់ទំនាបនៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឫស្សី ភ្នំព្រឹក សំពៅលូន និងស្រុកកំរៀង។ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម