Connect with us

បំបួសនាគ ជាពិធីមួយដែលមានន័យបំផុតសម្រាប់កូនប្រុសដែលកាលពីបុរាណត្រូវចំណាយពេល ២ ថ្ងៃក្នុងការធ្វើពិធី

ភ្នំពេញ៖ ពិធីបំបួសនាគ គឺជាពិធីមួយមានតាំងពីសម័យបុរាណមកដែលធ្វើឡើងដើម្បីសងគុណឪពុកម្តាយ ឬ មុនពេលកូនកំលោះ ចូលស្តីកូនក្រមុំ ដើម្បីស្រូបយកចំណេះដឹង និងដុសខាត់គំនិតមារយាទនៅវត្តអារាម ដោយសារកាលពីសម័យមុនខ្មែរយើងមិនទាន់មានសាលារៀនដូចសម័យនេះនៅឡើយ។ ហើយពាក្យថា “នាគ” មិនមែនសំដៅលើសត្វនាគឡើយ ប៉ុន្តែវាមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម។

ពិធីបំបួសនាគនេះត្រូវប្រព្រឹត្តឡើងរយៈពេល ២ ថ្ងៃ៖
ថ្ងៃទី១: ឪពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះ ត្រូវធ្វើដំណើរមកកាន់វត្តឤរាម លុះដល់ថ្ងៃត្រង់ វេលាម៉ោង ១ រសៀល ទើបចាប់ផ្តើមពិធីកោរសក់ រួចទៅងូតទឹកជម្រះកាយ ហើយបំពាក់ចីពរសដែលគេច្រើនហៅថា ជា “នាគ ឬ កូននាគ” រហូតវេលាម៉ោង ៦ ល្ងាច គេមានពិធីសូត្រមន្ត។

ថ្ងៃទី២: បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច សាច់ញាតិជិតខាង និងបងប្អូនដែលរស់នៅក្បែរវត្ត នាំគ្នាហែហមដង្ហែកូននាគ ចំនួន ៣ ជុំព្រះវិហារវត្តដែលជាព័ស្តុតុតាងតំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បន្ទាប់មក អ្នកបួស ត្រូវចាប់ផ្តើមរៀនធម៌ រំងាប់អារម្មណ៍កិលេសទាំងឡាយដើម្បីលាងបាបកម្ម ដែលបានធ្វើកន្លងមក។ កាលពីសម័យបុរាណ អ្នកចូលទៅបួសរៀននៅក្នុងទីវត្តអារាម ត្រូវចំណាយពេលវេលាយ៉ាងតិចមួយព្រះវស្សា(មួយឆ្នាំ) ទើបអាចសឹកមកកសាងជីវិតជាមនុស្សសាមញ្ញវិញបាន។

គួរបញ្ជាក់ដែរថា ការបំបួសនាគនេះបែងចែកជា ២ បែបគឺ បំបួសភិក្ខុ និងបំបួសនេន។ បំបួសភិក្ខុ គឺសម្រាប់បុរសពេញវ័យចាប់ពីវ័យ ២០ ឆ្នាំឡើង រីឯបំបួសនេនគឺចាប់ពីវ័យ ៧ ឆ្នាំឡើងទៅ។ ចំណែកឯនារីក្មេងៗកាលពីសម័យដើមក៏ធ្លាប់មានអ្នកស័គ្រ្មទៅបួសជាភិក្ខុនីដែរ ប៉ុន្តែក្រោយមកសង្គមបានហាមឃាត់វិញដោយសារផលវិបាក និងឧបសគ្គមួយចំនួន ទើបមានការផ្លាស់ប្តូរការបង្រៀនអប់រំនារីដោយពិធីចូលម្លប់វិញ។ ទោះជាយ៉ាងណា ពិធីបំបួសនាគ ឬ ចូលម្លប់ទាំងនេះ មិនសូវឃើញមានទៀតឡើយ ហើយគ្រួសារមួយចំនួនដែលបានធ្វើពិធីនេះច្រើននៅតាមភូមិស្រុកតាមបណ្តាខេត្តឯណោះ៕

ប្រភព៖ Keo Chanbo

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម