Connect with us

ពិតជាប្រពៃណាស់ ព្រះនាងតូចនរោត្តម ជេណា បានចុះចែកអំណោយដល់ជនពិការនៅសមាគមតន្ត្រីសំនៀងជនពិការដោយផ្ទាល់

សង្គម៖ កាលពីពេលថ្មីៗនេះ ព្រះនាងតូច នរោត្តមជេណា បានចែករំលែករូបភាពចុះចែកអំណោយដល់ពូមីងដែលជាជនពិការដោយផ្ទាល់នៃសមាគមតន្រ្តីសំនៀងជនពិការកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយ អង្គការមូលនិធិសប្បុរសធម៌ឆឺជី សហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។ ដោយមានវត្តមានប្រធានអង្គការមូលនិធិសប្បុរសធម៌ឆឺជី លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ជាគណអធិបតីចូលរួមក្នុងកម្មវិធី។

នេះជាលើកទីមួយហើយដែលព្រះតូចបានចូលរួមក្នុងសកម្មភាពមួយនេះ ដែលព្រះនាងបានបង្ហាញអារម្មណ៍រីករាយខ្លាំងក្នុងភាតរភាពយ៉ាងជិតស្និទ្ធបំផុតជាមួយពូមីងពិការភ្នែកចំនួន ៤៨៥ នាក់ ដែលកំពុងរងផលប៉ះពាល់ដល់ជីវភាពដោយសារជំងឺរាតត្បាត កូវីត ១៩។ ក្រោយពីការជជែកសំណេះសំណាលរួចមក ព្រះនាងបានសម្តែងការកោតសរសើរពីការខិតខំតស៊ូក្នុងជីវិតរស់នៅដ៏លំបាកបំផុតទាំងខ្លួនពិការភាពពីកំណើត ឬ ពិការភាពក្នុងបុព្វេហេតុណាមួយ។ ដោយខិតខំរស់នៅ ខិតខំរៀនសូត្រ និងចាប់យកជំនាញលើសិល្បៈ ផ្នែកចម្រៀង តន្រ្តីបុរាណសម័យ ក៏ដូចជាជំនាញម៉ាស្សាផងដែរដើម្បីស្វែងរកថវិកាមកផ្គត់ផ្គង់ជីវភាព។

បន្ថែមពីនេះផងដែរ ព្រះនាងក៏បានច្រៀងចម្រៀងចំនួនបីបទរួមគ្នាជាមួយបងៗពូមាមីងជនពិការភ្នែកនៅក្នុងកម្មវិធីនោះផងដែរ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពស្និទ្ធស្នាលយ៉ាងកក់ក្តៅក្នុងនាមជាខ្មែរដូចគ្នាហើយព្រះនាង ក៏ធ្វើការសំណូមពរដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមជួយពួកគាត់ជាកម្លាំងចិត្តក្តី កម្លាំងថវិកាក្តី ហើយក៏សូមមេត្តាកុំរើសអើងពួកគាត់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម