Connect with us

រដ្ឋបាលខេត្តអត្តពឺ ប្រទេសឡាវ ប្រកាសបើកទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនី ដែលហូរចាក់មកទន្លេសេកុងខេត្តស្ទឹងត្រែង

ឡាវ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ បានប្រកាសឱ្យខេត្តស្ទឹងត្រែង ត្រូវប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះលីនហ្វា ធ្វើឱ្យកម្ពស់ទឹកនៅទន្លេនានាកើនឡើង ជាពិសេសទឹកទន្លេសេកុង ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែតុលា ឆ្នាំ២០២០។ ស្របពេលនេះ ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាម នឹងបើកទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនី។ ដូច្នេះទឹកដែលបង្ហូរចេញពីអាងស្តុកទឹកវារី ព្រមជាមួយជំនន់ទឹកភ្លៀង នឹងហូរចុះទៅខេត្តស្ទឹងត្រែង តាមទន្លេសេកុង។

រដ្ឋបាលខេត្តអត្តពឺ ក៏បានប្រាប់ឱ្យខេត្តស្ទឹងត្រែង ដើម្បីចាត់វិធានការត្រៀម និងបង្ការ ចំពោះគ្រោះធម្មជាតិនេះ។

ដោយឡែក ទឹកទន្លេសេកុង កំពុងបន្តហក់ឡើងហើយ ដែលបានបណ្ដាលឱ្យបាក់ច្រាំងទន្លេនៅមុខសាលាស្រុកចាស់ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ដើម្បីការពារការបាក់ច្រាំងដែលបង្កឡើងដោយទឹកជំនន់កំពុងបន្តឡើង លោក សំ ប៊ុនធិន អភិបាលរងស្រុក ដោយទទួលបានការណែនាំពីលោក ផាន់ យុត អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ច្រកបាវខ្សាច់ ទប់ដីកុំឱ្យបាក់បន្តទៀត។

សូមរំឭកថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេសេកុង សេសាន និងទន្លេស្រែពក មានការប្រុងប្រយ័ត្នចំពោះការហក់ឡើងនៃទឹកទន្លេ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com