Connect with us

ចុករួយចង្កេះ ឈឺខ្នងពេលពពោះ កុំបារម្ភពេក ម៉ាក់ៗអាចសាកតិចនិកទាំងនេះ!

ស្រីៗគ្នាយើងកំពុងតែពពោះ ឧស្សាហ៍ឈឺខ្នង ឈឺចង្កេះមែនទេ? កុំបារម្ភពេក អាការៈចុករួយចង្កេះ ឈឺខ្នងពេលពពោះ ជារឿងធម្មតាប៉ុណ្ណោះ ដោយសារតែរាងកាយ និងអ័រម៉ូនប្រែប្រួល ស្បូនរីកធំ រុញសាច់ដុំ និងសរីរាង្គផ្សេងៗទៀត។ ដើម្បីសម្រួលអាការៈចុករួយចង្កេះ និងឈឺខ្នង ពេលពពោះ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំនូវតិចនិកមួយចំនួនខាងក្រោមនេះ។

១. គេងឱ្យបានគ្រប់គ្រាន់ សម្រាកឱ្យច្រើន
ពេលពពោះរាងកាយស្រីៗយើងកាន់តែចុះខ្សោយ ងាយទទួលរងសម្ពាធផ្សេងៗ យកល្អគួរតែសម្រាកឱ្យបានច្រើន និងគេងឱ្យបានគ្រាន់។

២. សម្រួលឥរិយាបថឱ្យបានល្អ

ស្របពេលរាងកាយយើងកំពុងរីកធំធាត់ ពោះរបស់យើងក៏ធំទៅបន្តិចម្តងៗ នាំឱ្យទម្ងន់ខាងមុខធ្ងន់ជាងខាងក្រោយ ជាកត្តានាំឱ្យយើងចាប់ផ្តើមមានអារម្មណ៍ឈឺខ្នង និងរួយចង្កេះជាដើម។ ប៉ុន្តែយើងអាចដោះស្រាយបញ្ហានេះតាមរយៈឥរិយាបថត្រឹមត្រូវមួយចំនួនដូចខាងក្រោម៖

– ក្រោកឈរឡើងឱ្យត្រង់
– ពើងទ្រូងឡើងឱ្យខ្ពស់
– ទម្លាក់ស្មាទៅក្រោយ ហើយសម្រាកបន្ធូរអារម្មណ៍
– កុំសម្លឹងចុះមើលជើងយើងឱ្យសោះ

នៅពេលយើងឈរក្នុងស្ថានភាពមួយមានអារម្មណ៍ផាសុភាព នោះនឹងជួយឱ្យការឈឺចាប់ខ្នងរសាត់ទៅបានដែរ។ ចំពោះការអង្គុយវិញ យើងអាចជ្រើសរើសកៅអីណាដែលអាចទប់ខ្នងយើងបានស្រួល ឬអាចប្រើខ្នើយដើម្បីទប់ខ្នងផ្នែកខាងក្រោម។

៣. ប្រើស្បែកជើងកែងទាបៗ ឬបាតរាបស្មើ

យើងត្រូវពាក់ស្បែកជើងកែងទាប មិនចោត ពោលគឺប្រើស្បែកជើងណាដែលយើងពាក់ទៅស្រួលខ្លួន និងហាមពាក់ស្បែកជើងកែងចោត ដែលជាហេតុធ្វើឱ្យខ្លួនយើងមិនមានលំនឹងល្អ និងអាចបណ្តាលឱ្យដួលបាន។

៤. ក្រោកឡើងឱ្យបានត្រឹមត្រូវ

ពេលអង្គុយចុះដើម្បីរើសរបស់តូចៗអ្វីមួយ ដោយត្រូវអង្គុយចុះនោះ គឺត្រូវប្រើកម្លាំងជើងក្រោកឡើងវិញឱ្យបានត្រឹមត្រូវ និងមិនត្រូវប្រើចង្កេះ ឬខ្នងដើម្បីយោងទម្ងន់ខ្លូនយើងឡើងមកលើវិញជាដាច់ខាត។ នេះជាចំណុចសំខាន់មួយ ត្រូវធ្វើដោយប្រុងប្រយ័ត្ន ឬអាចសួរការណែនាំបន្ថែមពីគ្រូពេទ្យ។

៥. គេងផ្អៀង

ការគេងផ្អៀង មិនគេងសង្កត់លើខ្នង ជារឿងត្រឹមត្រូវសម្រាប់ស្រីៗកំពុងពពោះ ដោយរក្សាជង្គង់ម្ខាង ឬទាំងសងខាងឱ្យបានត្រង់។ អាចពិចារណាប្រើខ្នើយសម្រាប់ស្រីៗពពោះដាក់នៅចន្លោះជង្គង់ទាំងពីរ កល់ក្រោមពោះ និងខ្នងដើម្បីរក្សាឥរិយាបថគេងឱ្យបានត្រឹមត្រូវ។

៦. ធ្វើសកម្មភាពប្រចាំថ្ងៃ និងហាត់ប្រាណ

សកម្មភាពធម្មតាប្រចាំថ្ងៃ ក៏ជួយសុខភាពខ្នងយើងរឹងមាំល្អ ក៏ប្រហែលជាអាចបំបាត់ការឈឺចាប់ត្រង់ខ្នងបាន អំឡុងពេលកំពុងពពោះ។ តាមរយៈការណែនាំពីអ្នកជំនាញ ស្រីៗគ្នាយើងកំពុងពពោះ អាចបញ្ចេញសកម្មភាពស្រាលៗ ពិសេសការហាត់ប្រាណ ដូចជាដើរ ជាដើម។ ការព្យាបាលដោយចលនា គួបផ្សំនឹងហាត់ប្រាណ សុទ្ធតែអាចជួយបំបាត់ការឈឺចាប់បាន។

៧. មិនគួរលើករបស់ធ្ងន់ ឬធ្វើដំណើរឆ្ងាយ

ការលើកដាក់របស់ធ្ងន់ និងការធ្វើដំណើរផ្លូវឆ្ងាយពេក អាចនឹងជះឥទ្ធិពលមិនល្អចំពោះសុខភាពស្ត្រីពពោះ តែបើចាំបាច់ យើងត្រូវលើករបស់អ្វីមួយដោយយឺតៗ ឬដោយប្រើកម្លាំងជើង។ បើថង់អីវ៉ាន់យើងធ្ងន់ គួររំលែកជា២ស្មើគ្នា យួរដោយដៃសងខាង។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយគួរចៀសវាងនៅត្រីមាសដំបូង និងជិតដល់ពេលសម្រាលកូន។

៨. សាកល្បងស្អំរបស់ក្តៅ ឬត្រជាក់ ឬម៉ាស្សា

មានភស្តុតាងជាច្រើន ត្រូវគេជឿថា មានគុណប្រយោជន៍ជាច្រើនអាចបំបាត់អាការៈឈឺខ្នងសម្រាប់ស្រីៗមានផ្ទៃពោះ គឺការម៉ាស្សាថ្មមៗត្រង់ចង្កេះ ឬខ្នង ឬអាចប្រើវត្ថុត្រជាក់ ឬក្តៅមកស្អំក៏បាន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com