Connect with us

រាជធានី-ខេត្តចំនួន០៩ ប្រឈមនឹងភ្លៀងធ្លាក់កម្រិតច្រើន ៣ថ្ងៃជាប់គ្នា ដោយសារឥទ្ធិពលព្យុះសូឌែល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តនៅតំបន់វាលទំនាបកណ្ដាល រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និង រាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៥ ខែតុលានេះ។

ស្ថានភាពបែបនេះ គឺដោយសារតែកម្ពុជា រងឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះ សូឌែល (Saudel) ដែលធ្វើដំណើរមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា និងថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាននិងកំពុងបន្តអូសបន្លាយពីលើប្រទេសកម្ពុជា។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរតាមតាមសមុទ្រ អ្នកនេសាទ អ្នករស់នៅទីទំនាបក្បែរទឹកជាប់តំបន់ភ្នំ និងជួរភ្នំ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាសដែលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់បក់ និងរលកសមុទ្រខ្ពស់ៗ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម