Connect with us

ហ្វាង ពីងពីង ឈឺចិត្តជាមួយនឹងអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Huading ២០២០ រហូតដើរចេញពីកម្មវិធីពាក់កណ្តាលទី

ម៉ាកាវ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ សារព័ត៌មាន QQ បានរាយការណ៍មកថា តារាសម្តែងដែលធ្លាប់មានរឿងអាស្រូវគេចពន្ធ ហ្វាង ពីងពីង បានចាកចេញពីកម្មវិធីប្រគល់ពានរង្វាន់នៅពាក់កណ្តាលទីកាលពីរសៀលថ្ងៃទី១៤ ខែតុលា ថ្មីៗនេះ។

យោងទៅតាមប្រភពព័ត៌មានបានបញ្ជាក់ថា ដំបូងឡើយអ្នករៀបចំកម្មវិធីបានអញ្ជើញ ហ្វាង ពីងពីង ឱ្យធ្វើជាតារាកិត្តិយសប្រគល់ពានរង្វាន់ Huading ២០២០ នៅទីក្រុងម៉ាកាវ ប៉ុន្តែក្រោយមកបែរជាត្រូវប្តូរអ្នកជំនួសនាងភ្លាមៗ ដោយអ្នករៀបចំកម្មវិធីមិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់ និងគ្រាន់តែផ្ញើសារមួយឃ្លាថា៖ “អ្នកគ្រាន់តែអង្គុយឱ្យស្ងៀមរហូតដល់ចប់កម្មវិធីទៅបានហើយ”។

ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានសារបែបនោះហើយ ហ្វាង ពីងពីង បានក្រោកដើរចេញពីកម្រាលព្រំក្រហមជាមួយជំនួយការនាងនៅពាក់កណ្តាលកម្មវិធីដោយអារម្មណ៍ខឹងដោយសារទង្វើនេះ ជាការមិនផ្តល់តម្លៃឱ្យនាង រហូតធ្វើឱ្យអ្នកដែលមានវត្តមាននៅទីនោះ ងាកមើលនាងគ្រប់គ្នា។

គួរបញ្ជាក់ដែរថា កម្មវិធីប្រគល់ពានរង្វាន់នោះបានប្រព្រឹត្តឡើងយ៉ាងសោះកក្រោះដោយសារវត្តមានសិល្បករនៅទីនោះមិនសូវជាមានអ្នកស្គាល់ប៉ុន្មានឡើយ។ យ៉ាងណាមិញ ការចាកចេញពីកម្មវិធីរបស់ ហ្វាង ពីងពីង មកដល់ពេលនេះ មិនទាន់មានការបកស្រាយច្បាស់លាស់ពីភាគីទាំងសងខាងនៅឡើយ។

គួររំឭកថា ហ្វាង ពីងពីង ធ្លាប់មានរឿងអាស្រូវគេចពន្ធរហូតត្រូវទទួលពិន័យយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យវត្តមានលើវិថីសិល្បៈរបស់នាងបានស្ងប់ស្ងាត់អស់រយៈពេល ២ ឆ្នាំ ដូចនេះនាងបានព្យាយាមខំប្រឹងលក់ទំនិញតាមអនឡាញដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព និងប្រែក្លាយពីតារាដែលធ្លាប់ប្រើប្រាស់របស់ដែលមានតម្លៃថ្លៃកប់ពពកមកត្រឹមតម្លៃល្មមៗវិញ។ ទោះជាយ៉ាងណា នាងនៅទទួលបានការគាំទ្រខ្លាំង ដោយគ្រប់គ្នាកោតសរសើរពីភាពរឹងមាំ និងចេះបែបបទតាមកាលៈទេសៈតស៊ូរហូតអាចឈានជើងចូលវិថីសិល្បៈវិញ៕

ប្រភព៖ zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com