Connect with us

ធ្លាប់ឮ នំសរសៃស្រូវវារ អត់? ការពិតនេះគឺឈ្មោះ នំបញ្ចុក ដែលយើងហៅបច្ចុប្បន្ន

ម្ហូប៖ នំបញ្ចុក គឺជាម្ហូបដ៏ពេញនិយមមួយរបស់ខ្មែរយើងដោយសារតែឱជារសឈ្ងុយឆ្ងាញ់ចាប់មាត់ខ្លាំង។ ជាក់ស្តែង “នំបញ្ចុក” មានរឿងនិទានដំណាលតៗគ្នាមកថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេ។ ស្រូវវារជាស្រូវ ដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលគេបុកសម្រិតរួច។ ដោយសារអង្ករនោះ រឹងពេក ដាំបាយ ឆីមិនសូវឆ្ងាញ់ ពួកគាត់ក៏បែកគំនិតធ្វើជានំដើម្បីឱ្យមានជាតិទន់បន្តិច ងាយស្រួលបរិភោគ ស្រួលទំពារ។ ណាមួយ នៅតំបន់ដែលគាត់រស់នៅនោះ សម្បូរត្រីផងទើបនាំគ្នាទៅបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។ ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ អាចយកមកធ្វើជានំបញ្ចុកបានល្អ ហើយបានកើនចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។

ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារធ្វើស្រែចម្ការ ប្រពន្ធបានបែកគំនិតយកអង្ករស្រូវវារ មកត្រាំបុក ត្រងចម្រោះយកម្សៅស្ងោរ ហើយយកបុក រួចយកទៅចាក់ញាត់ប៉ែន ចុកស្នូល សង្កត់ឱ្យចេញជានំសរសៃៗ ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹង ទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចំការក្រោយផ្ទះ។ ក្រោយពីប្តីបានទទួលហើយក៏កើតជំងឺរាគរូសព្រោះនំបញ្ចុកធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំធេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបប្រពន្ធបែកគំនិត បន្ថែមត្រយូងចេកជាជំនួយ ជាល្បោយនំ ពិសាហើយ ក៏លែងរាគរូសដូចមុនទៀត។

គាត់បានប្រតិស្ឋនាម ឱ្យនំនោះថា នំសរសៃស្រូវវារ។ នំសរសៃស្រូវវារ នេះត្រូវប្រើដៃស្រវាចាប់នំបរិភោគ បញ្ចុកមាត់ ទៅតាមទម្លាប់ធម្មតា ក្នុងបែបផែនជីវភាពរស់នៅបែបអ្នកជនបទ ហើយតែងដួស ផ្ញើញាតិសន្តាន ក្នុងភូមិរហូតដល់ពួកគេលាន់មាត់សរសើរថាឆ្ងាញ់គ្រប់ៗគ្នា ។ ក្រោយមកអ្នកស្រុកនៅទីនោះក៏បានមក សុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំច្នៃធ្វើទឹកសម្ល កំដរនំ ឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្ត រៀងៗខ្លួនជាបន្តៗរៀងមក។ លុះចាស់ជរាបន្តិចទៅ អ្នកទាំងពីរនាក់ប្តីប្រពន្ធ មិនអាចប្រកបរបរធ្វើស្រែទៀតបាន ព្រោះគ្មានកូនចៅ បន្តការងារ ទើបអ្នកទាំងពីរបានប្តូរមុខរបរ មករែកនំបញ្ចុកលក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិត។

នៅថ្ងៃមួយ មានរាជកុមារ វ័យប្រមាណ ៧ វស្សា អមដោយពលសេនាបានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកលក់នំសរសៃស្រូវវារ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា ក៏នឹកចង់ភ្លក់ ប៉ុន្តែដោយសារតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនឹងម្រាមដៃ គ្រប់ៗគ្នា រាជកុមារក៏ប្រែចិត្តរារែក មិនចង់ហ៊ានសាកល្បង។ កាលបើបានដឹងថា រាជកុមារ ចង់សោយនំរបស់ខ្លួន ប្តីប្រពន្ធចាស់ៗទាំងពីរក៏ទូលសុំឱ្យស្នំដែលជាមេដោះយកដៃចាប់នំសរសៃស្រូវវារ បញ្ចុករាជកុមារជំនួសវិញ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយមួយនេះ រាជកុមារក៏យល់ព្រមឱ្យស្នំឯកបញ្ចុកភ្លាម។

ក្រោយពីបានភ្លក់ នំសរសៃស្រូវវារ រួចមក រាជកុមារក៏បានសព្វព្រះរាជហរទ័យជាខ្លាំង និងតែងទទូចឱ្យព្រះមាតា តាមរកទិញ “នំដែលស្នំបញ្ចុក” មកសោយក្នុងព្រះរាជវាំង។ មិនយូរប៉ុន្មាន ប្តីប្រពន្ធចាស់ៗទាំង ២ ក៏បានក្លាយជាអ្នកធ្វើ នំសរសៃស្រូវវារ ប្រចាំរាជវាំង និងត្រូវបានគេទម្លាប់ហៅថា “នំដែលស្នំបញ្ចុក” ប៉ុន្តែយូរៗទៅក៏ត្រូវបានគេហៅកាត់វិញថា “នំបញ្ចុកៗ” បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕

ប្រភព៖ កែវ ច័ន្ទបូរណ៍

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com