Connect with us

ស្រុកបន្ទាយស្រី ត្រៀមប្រកាសអាសន្នទឹកជំនន់ ក្រោយទឹកស្ទឹងហក់ឡើងជាង២ម៉ែត្រក្នុង២៤ម៉ោង

សៀមរាប៖ ស្រុកបន្ទាយស្រី កំពុងទទួលរងឥទ្ធិពលនៃព្យុះដែលជាហេតុធ្វើឱ្យភ្លៀងធ្លាក់ជោកជាំ នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឱ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការបញ្ជាក់ពីលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ។

លោកអភិបាលស្រុក បានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក(Flash Flood) ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

លោកអភិបាលបន្តថា ស្ថានភាពនេះ ស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន (៦ម៉ែត្រ) ដែលនឹងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។

ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ រដ្ឋបាលស្រុក បានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២ចំនួន៩០នាក់ ជួយជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាម រួចមកហើយ។

អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគមន៍ និងដុតដៃដុតជើងកាយបើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម