Connect with us

CTN កំពុងតែផលិតខ្សែភាពយន្តភាគបុរាណខ្មែរខ្នាតធំដល់ទៅ ៥ រឿង

តាំងពីការកកើតដំបូង រហូតមកដល់សព្វថ្ងៃនេះ ស្ថានីយទូរទស្សន៍ CTN បានចាក់ផ្សាយនូវខ្សែភាពយន្តភាគខ្មែរជាច្រើនរាប់រយរឿងប្រកបដោយគុណភាពជាចម្បង ដែលនេះជាឆន្ទៈមួយដ៏ធំ ក្នុងការចូលរួមចំណែកគាំទ្រ លើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ ដើម្បីទទួលបានភាពល្បីល្បាញ និងការគាំទ្រពីទស្សនិកជន។

នៅពេលនេះ CTN ក៏នៅតែបន្តនូវឆន្ទៈមួយនេះ ដោយកំពុងតែផលិតនូវរឿងភាគខ្មែរថ្មីៗជាច្រើនមិនថាសម័យ ឬបុរាណ ប៉ុន្តែគ្រាន់តែភាពយន្តភាគបែបបុរាណមានដល់ទៅ ៥រឿងដូចជា៖

– រឿងភាគបុរាណខ្មែរ “អធិដ្ឋានស្នេហ៍”
– រឿងភាគបុរាណខ្មែរសម័យលង្វែក “នគរមាស”
– រឿងភាគខ្មែរសម័យអាណានិគមបារាំង “និស្ស័យស្នេហ៍បេះដូង៤”
– រឿងភាគព្រេងនិទានបុរាណខ្មែរ “ដើមរលួសមាស”
– រឿងភាគព្រេងនិទានបុរាណខ្មែរ “នាងកែវមុខសេះ”។

ភាពយន្តភាគខ្មែរខ្នាតធំទាំងអស់នេះ នឹងត្រូវផលិតឡើងក្រោមស្នាដៃកូនខ្មែរសុទ្ធសាធ មិនថាទាំងការដឹកនាំ ផលិត និពន្ធ ការថត យកសំឡេងពិតៗមិនបញ្ចូល ជាមួយទីតាំងស្អាតៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការផលិត ដើម្បីទទួលបាននូវគុណភាពខ្ពស់ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការនាំយកនូវភាពយន្តភាគខ្មែរល្អៗជូនបងប្អូនទស្សនិកជនទស្សនាកម្សាន្ត។

ក្នុងនោះ វត្តមានតារាសម្តែងថ្មីៗជាច្រើន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញសមត្ថភាពដំបូងរបស់ខ្លួន រួមជាមួយនឹងតារាសម្តែងជើងចាស់ជាច្រើន ធ្វើយ៉ាងណាឱ្យសក្តិសមជាមួយនឹងសាច់រឿងទាំងអស់នេះ។ តួយ៉ាងមានដូចជា កញ្ញា ប៉ុន សុរ៉ាវត្តី (Miss Planet Cambodia) លោក សេង មង្គល កញ្ញា សាន កុសុមៈ លោក នរាយ ប្រិមប្រិយ៍ កញ្ញា តារា លោក ធៀន លោក យិន វុត្ថា (ពូយ៉ុង) អ្នកនាង ស ច័ន្ទដានី (មីងខី) និងតារាសម្តែងក្មេងចាស់ប្រុសស្រីជាច្រើនរូបទៀត។

សូមរង់ចាំតាមដានទស្សនានូវខ្សែភាពយន្តភាគខ្មែរទាំងអស់នេះ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដោយទស្សនិកជនអាចតាមដាននូវព័ត៌មានផ្សេងៗតាមរយៈ Facebook Page CTN TV Drama៕

អត្ថបទ៖ រតនា

Loading...

ពេញនិយម