Connect with us

ដំណឹងល្អ! ប្រទេសកាណាដា សម្រេចបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្មជាមួយនឹងកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនដល់ជាង១ពាន់លានដុល្លា

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងកាណាដា បានឯកភាពបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ្វភាគី ដោយឈរមូលដ្ឋានឈ្នះ-ឈ្នះ ។
គួររំលឹកថា កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ត្រូវបានធ្វើរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការិយាល័យទទួលបន្ទុកកិច្ចសម្រួលពាណិជ្ជកម្ម (TFO) នៃប្រទេសកាណាដា និងបានផុតសុពលភាព កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។
ការឯកភាពបន្តកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្កិ ជាមួយលោកជំទាវ ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចកម្ពុជា ។


នៅក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបភាគីកាណាដា អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំកម្ពុជា ដែលបានមកពីការចូលរួមនៃវិស័យសំណង់ វាយនភណ្ឌ ទេសចរណ៍ និងកសិកម្ម ។ ដោយឡែកទឹកប្រាក់នៃឧស្សាហកម្មកាត់ដេរ (ឆ្នាំ២០១៧) មានចំនួនប្រមាណ ៧ពាន់លានដុល្លាអាមេរិក ហើយឧស្សាហកម្មនេះ បានបង្កើតការងារជូនប្រជាជន ៧៦ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី នៅតាមតំបន់ជនបទ។
ឯកឧត្តម បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សន៍ជូនកម្មករ-និយោជិត ចាប់ពី ១៤០ដុល្លារ ក្នុងឆ្នាំ២០១៦ ដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ ហើយគ្រោងនឹងបង្កើនឱ្យបាន ១៨២ដុល្លារ នៅដើមឆ្នាំ ២០១៩ ខាងមុខថែមទៀត។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត ដូនីកា ប៉ូទី បានកោតសរសើរអំពីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យវាយនភ័ណ្ឌ និងការស្វែងរកអត្ថប្រយោជន៍ជូនកម្មករ-និយោជិត នាពេលកន្លងមក។


លោកជំទាវឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែង និងប្រកាន់និយាមការងារនេះបន្តទៀត ដើម្បីនាំមកនូវភាពឈ្នះ-ឈ្នះ ដល់គ្រប់តួអង្គពាក់ព័ន្ធ សម្រាប់ឧស្សាហកម្មមួយនេះ ហើយលោកជំទាវ នឹងពិនិត្យលទ្ធភាពជួយកៀរគរវិនិយោគិនកាណាដា ឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា។
សូមជម្រាបថា កាលពីឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប ១,០៤ ប៊ីលានដុល្លារអាមេរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម ១១%។ ក្នុងនោះ ទឹកប្រាក់នាំចេញពីកម្ពុជា ទៅកាណាដា មានចំនួន ១ប៊ីលានដុល្លារអាមេរិក និងនាំចូលមានចំនួន ៤០លានដុល្លារអាមេរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម