Connect with us

កុំភ្លេចចូលរួមព្រឹត្តិការណ៍នានា ដែលនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ និងក្រុងបាត់ដំបង អបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍មួយចំនួន នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទី៦៥ នៃទំនាក់ទំនងការទូតរវាងជប៉ុន-កម្ពុជា។


លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអោយដឹង ថា ស្ថានទូតជប៉ុន នឹងរៀបចំខែមិត្តភាពកម្ពុជា ជប៉ុន ចាប់ពីថ្ងៃទី១៩ខែតុលា ដល់ថ្ងៃទី១៨ខែវិច្ឆិកា ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
ព្រឹត្តិការណ៍ដែលត្រៀមរៀបចំ រួមមាន ទាក់ទងនឹងកម្មវិធីផ្លាស់ប្ដូរយុវជន(JENESYS) ដែលកម្មវិធីនេះ គឺជាការប្រកួតធ្វើបទបង្ហាញជាក្រុមដោយនិស្សិតសាកលវិទ្យាល័យ ក្រោមប្រធានបទ អនាគតកម្ពុជា៣០ឆ្នាំក្រោយ និង ការប្រគួតបាល់ទាត់មិត្តភាពរវាងកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដឹកនាំដោយគ្រូបង្វឹកជប៉ុន និងកីឡាករបាល់ទាត់សិស្សវិទ្យាល័យមកពីសាលាសហព័ន្ឋកីឡាបាល់ទាត់ជប៉ុន នៅហ្វូកូស៊ីម៉ា ។


លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានឲ្យដឹងដែរថា នៅថ្ងៃទី១០ និង១១ខែវិច្ឆិកា ខាងមុខ ស្ថានទូតជប៉ុន សហការជាមួយទីភ្នាក់ងារទេសចរណ៍ជាតិជប៉ុន នឹងរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនផងដែរ។ ក្រៅពីនេះ ក៏មានសន្និសីទASCOJA, ការរៀបចំពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន, រៀបចំជាមហោស្រពភាពយន្តជប៉ុន, រៀបចំជាពិព័រណ៍ទេសចរណ៍ជប៉ុន, និងរៀបចំយុទ្ធនាការសម្អាតទីក្រុងផងដែរ ។
ដោយឡែក បើតាមការអោយដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ នឹងមានព្រឹត្តិការណ៍ផ្សេងទៀត នឹងត្រូវរៀបចំឡើងនៅឯខេត្តបាត់ដំបង ដើម្បីអបអរសាទរនូវខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរវាងកម្ពុជា និង ជប៉ុននេះផងដែរ ។


បើតាមការគ្រោងទុក គឺ នៅថ្ងៃទី ២៣ និង ២៤ ខែធ្នូ ឆ្នាំ២០១៨ នាក្រុងបាត់ដំបង នឹងមានការនឹងមានការតាំងបង្ហាញម្ហូបអាហារ, ការប្រគុំតន្រ្តីដោយតារាល្បីៗមកពីកូរ៉េ ជប៉ុន ថៃ និងប្រទេសចិនរួមនឹងមានការពិគ្រោះព្យាបាលជម្ងឺបឋម និងផ្តល់ជាថ្នាំ supplements ដល់អ្នកកើតអេដស៍ មហារីក និងទឹកនោមផ្អែម ដោយគ្រូពេទ្យជប៉ុន ដោយឥតគិតថ្លៃផងដែរ។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបន្ថែមអោយដឹងផងដែរថា ចាប់តាំងពីបើកដំណើរការជើងហោះហើរត្រង់ (ភ្នំពេញ-តូក្យូ) នៅឆ្នាំ២០១៦ ចំនួនអ្នកធ្វើដំណើរពីកម្ពុជាទៅជប៉ុន កើនឡើងចំនួនពី ៣៦០០នាក់ នៅឆ្នាំ២០១២ ដល់ ១៧០០០នាក់ នៅឆ្នាំ ២០១៧ ។ ដោយឡែក ប្រជាជនជប៉ុន ក៏បានមករស់នៅកម្ពុជាប្រមាណ ៣៥០០នាក់ ផងដែរ។


គួររំឮកថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងមិត្តភាពរវាងគ្នាអស់រយៈពេលជាង៦០ឆ្នាំកន្លងមកហើយ ប៉ុន្តែត្រូវបានគេកត់សម្គាល់ថា ប្រទេសទាំងពីរ ទើបតែស្និទ្ធស្នាលគ្នាខ្លាំង ចាប់ពីដើមទសវត្សរ៍ទី៩០មកតែប៉ុណ្ណោះ ។ ទំនាក់ទំនងនាអំឡុងពេលជាង២០ឆ្នាំចុងក្រោយនេះ កំពុងបន្តមានលក្ខណៈកាន់តែស្និទ្ធស្នាលឡើងជាលំដាប់ផងដែរ ៕

រូបភាពក្រុមការងារចុះទៅពិនិត្យទីតាំងរៀបចំនៅខេត្តបាត់ដំបង

រូបភាពក្រុមការងារចុះទៅពិនិត្យទីតាំងរៀបចំនៅខេត្តបាត់ដំបង

រូបភាពក្រុមការងារចុះទៅពិនិត្យទីតាំងរៀបចំនៅខេត្តបាត់ដំបង

រូបភាពក្រុមការងារចុះទៅពិនិត្យទីតាំងរៀបចំនៅខេត្តបាត់ដំបង

រូបភាពក្រុមការងារចុះទៅពិនិត្យទីតាំងរៀបចំនៅខេត្តបាត់ដំបង

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម