Connect with us

កម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាលកូរ៉េ ដែលកំពុង សម្លឹងមើលមកតំបន់អាស៊ាន សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ

ភ្នំពេញ ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ ហៅកាត់ថា (KIAT) កំពុងសម្លឹងមើលលើគម្រោងនានា ដែលអាចធ្វើកិច្ចសហប្រិតបត្តិការបានជាមួយនឹងបណ្តាប្រទេសជាសមាជិក អាស៊ាន ក្នុងនោះរួមមានទំាងប្រទេសកម្ពុជា ផងដែរ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងសេអ៊ូល កាលពីពេលថ្មីៗនេះ ប្រធានទីភ្នាក់ងារ លោក គីម ហាក់ដូ (Kim Hak Do) បានអោយដឹងថា ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី ម៉ូន ជេអ៊ិន បានកំណត់ថា អាស៊ាន គឺជាទិសដៅ អាទិភាពចម្បងសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ។


លោក បានរំលឹកថា លោកប្រធានាធិបតី ម៉ូន ជេអ៊ីន បានប្រកាសពីគោលនយោបាយថ្មីនៃ រដ្ឋាភិបាលលោក គឺគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) កាលពីថ្ងៃទី ២០ វិច្ឆិកា ២០១៧ ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី បានបំពេញទស្សនៈកិច្ចការងារទៅកាន់ប្រទេសវៀតណាម សីង្ហបុរី និងប្រទេសឥណ្ឌា និងការមកបំពេញទស្សនៈកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅសាធារណៈរដ្ឋកូរ៉េ ។
បើតាមលោក គីម ហាក់ដូ (Kim Hak Do) អ្វីដែលរដ្ឋាភិបាលកូរ៉េ នឹងអនុវត្តតាមរយៈគោលនយោបាយថ្មីនេះ គឺទៅអោយហួសពីព្រំដែននៃការធ្វើពាណិជ្ជកម្ម ពោលគឺចង់អោយមានការស្វែងយល់គ្នារវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ជាមួយនឹងបណ្តាប្រទេសអា ស៊ាន និង ការធ្វើអោយមានកិច្ចសហប្រតិបត្តិការប្រកបដោយភាពរីកចម្រើនសម្រាប់ភាគីទាំងពីរ ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងឡាយ សាធារណៈរដ្ឋ កូរ៉េសង្ឃឹមថា នឹងអាចពង្រីកទំហំពាណិជ្ជកម្មរវាងកូរ៉េ និង អាស៊ាន អោយបានដល់ ២០០ពាន់លានដុល្លា នៅឆ្នាំ២០២១ ខណៈដែល កាលពីឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េ បានឈានដល់ ១២០ពាន់លានដុល្លា សហរដ្ឋអាមេរិក ។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងកូរ៉េ និង អាស៊ាន កាលពីឆ្នាំ២០១៧មក ទំហំពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និង អា ស៊ាន មានការកើនឡើង ជាលំដាប់ ។


លោកគីម ហាក់ដូ (Kim Hak Do) បានបញ្ជាក់ថា ដើម្បីសម្រេចអោយបាននូវគោលដៅនេះ ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា គឺជារឿងចាំបាច់ ដែលកូរ៉េ ត្រូវធ្វើជាមួយនឹង បណ្តាប្រទេសអាស៊ាន ។ ទីភ្នាក់ងាររបស់លោក កំពុងតែកសាងនូវទំនាក់ទំនងជាមួយនឹង បណ្តាប្រទេសអាស៊ាន ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេស និងការអភិវឌ្ឍន៍ បច្ចេកវិទ្យា ។
លោក បានអោយដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ កំពុងមានគម្រោងមួយចំនួនដែលបានកំពុងអនុវត្តនៅក្នុងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និង កម្ពុជា ។ ទីភ្នាក់ងារនេះ ក៏បានផ្តល់ជំនួយជា ODA សម្រាប់គម្រោងឧស្សាហកម្មថាមពលមួយចំនួនផងដែរ ដើម្បីពង្រឹងសមត្ថភាពផ្នែកឧស្សាហកម្ម ដោយផ្អែកលើផលប្រយោជន៍សម្រាប់ប្រទេសដែលទទួលជំនួយ និងប្រទេសកូរ៉េផ្ទាល់ ។
សម្រាប់ការជ្រើសរើសប្រទេសសម្រាប់ផ្តល់ជំនួយ ODA ផ្នែកឧស្សាហកម្មថាមពល លោក បានបញ្ជាក់ថា ទីភ្នាក់ងាររបស់លោក សម្រេចដោយផ្អែកលោកគោលការណ៍ចំនួន ៣ គឺ គម្រោងដែលផ្តល់ភាពរីកចម្រើនសម្រាប់ប្រទេសទាំងពីរ (កូរ៉េ និងប្រទេសទទួលជំនួយ) គម្រោងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និង និរន្តរភាពរបស់គម្រោងក្រោយពេលបញ្ចប់ការផ្តល់ជំនួយ ODA ។


បើតាមរបាយការណ៍ នៅឆ្នាំ២០១៨កន្លងទៅ មានគម្រោងODA ផ្នែកឧស្សាហកម្មថាមពល បានចាប់ផ្តើមអនុវត្តក្នុងប្រទេសចំនួន១៤ និង គម្រោងការផ្នែកប្រឹក្សាបច្ចេកវិទ្យានិងដំណោះស្រាយកូរ៉េ ត្រូវបានអនុវត្តក្នុងប្រទេសចំនួន ៦ ក្នុងនោះ រួមមានទាំងប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងបច្ចេកវិទ្យាសម្រាប់ចំណីអាហារ ។ នៅរយៈពេល២ឆ្នាំខាងមុខទៀត ទីភ្នាក់ងាររបស់លោក មានបំណងចង់ពង្រីកគម្រោងកិច្ចសហប្រតិបត្តិការនិងផ្តល់ជំនួយ ODA ចំនួន ៦បន្ថែមទៀត លើគម្រោងមានស្រាប់ចំនួន ១៤ ។
ដោយឡែក បើគិតចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៨ ថវិកាចំនួន ២៨ពាន់ ៥០០លាន វ៉ុន ត្រូវបានប្រើប្រាស់លើគម្រោង ODA ដែលបានផ្តល់ទៅអោយបណ្តាប្រទេសសមាជិកអាស៊ាន ដែល ស្មើរនឹង ៤០ភាគរយនៃថវិកាសរុប ដែលទីភ្នាក់ងារនេះ ប្រើប្រាស់សម្រាប់គម្រោងនៅទូទាំងពិភពលោក ។
សម្រាប់ប្រទេសកម្ពុជា លោក ប្រធានទីភ្នាក់ងារ បានអោយដឹងថា ក្រៅពីគម្រោងដែលកំពុងអនុវត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាចំណីអាហារ ទីភ្នាក់ងារនេះ ក៏នឹងជួយដល់ប្រទេសកម្ពុជា នៅឆ្នាំ២០១៩ នូវទឹកប្រាក់ចំនួន ៦ពាន់ ៦០០លានវ៉ុន សម្រាប់គម្រោងផ្តល់ថាមពលអគ្គីសនីកកើតឡើងវិញ ដល់សាលារៀនចំនួន ២១ ដែលមិនមានអគ្គីសនីប្រើប្រាស់ ក្នុងខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ និង ខេត្តកំពត ។ ជាមួយនេះ លោក ក៏កំពុងសម្លឹងមើលលើគម្រោងផ្សេងទៀត ដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជាបាន ។
រដ្ឋាភិបាលកូរ៉េ បានមើលឃើញថា អាស៊ានជាដៃគូរពាណិជ្ជកម្មដ៏ធំ បន្ទាប់ពីប្រទេសចិន ដូចនេះ ទីភ្នាក់ងារ អភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ នឹងខិតខំប្រឹងប្រែង អោយកាន់តែខ្លាំងថែមទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសអាស៊ាន ។

គួររំលឹកថា ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ ហៅកាត់ថា KIAT បង្កើតឡើងនៅឆ្នាំ២០០៩ ដែលជាអង្គភាពមួយរបស់រដ្ឋាភិបាល ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង ថាមពល ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម