Connect with us

ស្មានមិនដល់សោះ ញ៉ាំប៉េងប៉ោះ និង Cranberry ជួយសុខភាពច្រើនយ៉ាងនេះ

អ្នកណាៗក៏ដឹងដែរថា បន្លែ ផ្លែឈើមានប្រយោជន៍ល្អច្រើនសម្រាប់មនុស្សគ្រប់វ័យមិនថាក្មេង ឬចាស់ទេ។ ដូចគ្នានេះ ផ្លែប៉េងបោះ ផ្លែ Cranberry និងគ្រាប់ទំពាំងបាយជូរ ក៏មានប្រយោជន៍ល្អច្រើនដែលយើងនឹកស្មានមិនដល់ដែរ ពិសេសក្មេងជំទង់ ដែលជាវ័យសកម្មការរៀនសូត្រ។

១. ប៉េងប៉ោះ
ប្រភពនៃវីតាមីន៖ គ្រាន់តែញ៉ាំផ្លែប៉េងប៉ោះ ១ផ្លែ/ថ្ងៃ អាចទទួលបានវីតាមីន C រហូតដល់ ៤០% ឯណោះ ដែលរាងកាយយើងត្រូវការក្នុងមួយថ្ងៃ។

ការពារបេះដូង៖ ផ្លែប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មម៉្យាងហៅថា Lycopene។ អ្នកស្រាវជ្រាវសហរដ្ឋអាមេរិកបានឱ្យដឹងថា បើនិយាយទាក់ទងនឹងជំងឺបេះដូង ការញ៉ាំផ្លែប៉េងប៉ោះ ឬផលិតផលដែលចម្រាញ់ចេញពីប៉េងប៉ោះ មានប្រសិទ្ធភាពជួយដល់បេះដូងជាងការប្រើប្រាស់ផលិតផលមានសារធាតុ Lycopene ផ្ទាល់ទៅទៀត។

ពង្រឹងការមើលឃើញ៖ សារធាតុ Lycopene ក៏ល្អសម្រាប់ភ្នែករបស់យើងដែរ។ ក្រៅពីនេះ ប៉េងប៉ោះក៏ផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀតដូចជា Lutein និង Beta-carotene ដែលជាសារធាតុចិញ្ចឹមជួយដល់ការមើលឃើញ និងការពារជំងឺភ្នែកផ្សេងៗបាន។

ប្រឆាំងជំងឺមហារីក៖ ការសិក្សាមួយបានឱ្យដឹងថា សារធាតុ Lycopene មានទំនាក់ទំនងក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកក្រពេញប្រូស្ដាត មហារីកក្រពេញអូវែ មហារីកសួត និងមហារីកក្រពះ។

២. គ្រាប់ផ្លែទំពាំងបាយជូរ
ពង្រឹងកម្លាំងឆ្អឹង៖ បន្ថែមផលិតផលដែលធ្វើពីគ្រាប់ផ្លែទំពាំងបាយជូរទៅក្នុងរបបអាហារប្រចាំថ្ងៃជាមួយកាល់ស្យូម ជួយដល់ការទ្រទ្រង់ឆ្អឹង និងកម្លាំងឆ្អឹង ដើម្បីព្យាបាលភាពខ្សោយ នៃឆ្អឹងដោយសារការខ្វះជាតិកាល់ស្យូម។

ប្រឆាំងនឹងមហារីកស្បែក៖ គ្រាប់ផ្លែទំពាំងបាយជូរ ផ្ទុកសារធាតុ Proanthocyanidins ដែលជួយប្រឆាំងនឹងការវិវត្តរបស់ជំងឺមហារីក។ តាមការចុះផ្សាយរបស់ Molecular Nutrition and Food Research ឱ្យដឹងថា គ្រាប់ផ្លែទំពាំងបាយជូរមានសមត្ថភាពក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរ នៃជំងឺមហារីកស្បែក។

ជំនួយសរសៃឈាមបេះដូង៖ សារធាតុប្រឆាំងអុកស៊ីដកម្មនៅក្នុងគ្រាប់ផ្លែទំពាំងបាយជូរ អាចការពារសរសៃឈាមពីការខូចខាត ដែលអាចទប់ស្កាត់អាការៈលើសសម្ពាធឈាមបានផងដែរ។

លើសពីនេះ គ្រាប់ផ្លែទំពាំងបាយជូរមានប្រយោជន៍ច្រើនទៀត អាចកាត់បន្ថយការរលាក ប្រឆាំងភាពចាស់វ័យ ប្រឆាំងនឹងពពួកមេរោគបង្កជំងឺ ពង្រឹងការគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឱ្យការមើលឃើញនៅពេលយប់ប្រសើរឡើងជាដើម។

៣. Cranberry
បង្ការការឆ្លងមេរោគផ្លូវបំពង់ទឹកនោម៖ ទឹកផ្លែ Cranberry ឬ ផលិតផលដែលផលិតពីផ្លែ Cranberry អាចកាត់បន្ថយហានិភ័យក្នុងការឆ្លងមេរោគនៅផ្លូវបំពង់ទឹកនោមរបស់យើង ក៏ប៉ុន្តែវាមិនអាចជួយព្យាបាលជំងឺឆ្លងមេរោគនៅផ្លូវបំពង់ទឹកនោមបានទេ ប្រសិនបើយើងកើតជំងឺនេះហើយ។

បង្ការការកើតជំងឺមហារីកក្រពះ៖ ក្នុងករណីដែលយើងញ៉ាំផ្លែ Cranberryជាប្រចាំ វាអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកក្រពះ។

ជួយដល់សុខភាពបេះដូង៖ ទឹកផ្លែ Cranberry ឬ ផលិតផលដែលធ្វើឡើងពីផ្លែ Cranberry ជួយកាត់បន្ថយកត្តាហានិភ័យជាច្រើនដែលបង្កឱ្យមានជំងឺបេះដូង ដូចជាកម្រិត Cholesterol និងសម្ពាធឈាម។

ចំពោះអត្ថប្រយោជន៍ទាំងនេះ យើងអាចទទួលបានពីការញ៉ាំផ្លែប៉េងប៉ោះស្រស់ Cranberries ស្រស់ គ្រាប់ទំពាំងបាយជូរស្រស់ ឬ អាចញ៉ាំជាផលិតផលដែលចម្រាញ់ចេញពីផ្លែឈើ៣មុខនេះ ដូចជា គ្រាប់ថ្នាំ ឬ ម្សៅជាដើម ក៏អាចទទួលបានប្រយោជន៍ច្រើនដល់សុខភាពយើងដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម