Connect with us

Man Utd ប៉ះ Chelsea គូពិសេសនៅសប្ដាហ៍ទី៦ ក្របខណ្ឌ EPL ដែលនឹងចាក់ផ្សាយដោយ CBS

អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីស្វាគមន៍ក្លិបតោខៀវ Chelsea នៅក្នុងសប្ដាហ៍ទី៦ នៃក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១:៣០នាទីយប់នេះ។

មិនខុសពីសព្វដង ថ្ងៃនេះ CBS នឹងជម្រាបជូននូវប្រវត្តិខ្លះៗរបស់ក្រុមទាំងពីរ ដែលធ្លាប់ជួបគ្នាប៉ុន្មានលើកចុងក្រោយ នៅក្របខណ្ឌ EPL ។ ក្នុងរយៈពេល ៣រដូវកាលចុងក្រោយកន្លងទៅ ក្រុមទាំងពីរ បានជួបគ្នាចំនួន ៦លើក ក្នុងនោះ បិសាចក្រហម យកឈ្នះតោខៀវ ០៣ដង ស្មើ ០២ដង និងចាញ់ ០១ដង។ ការប៉ះគ្នាចងក្រោយរបស់ក្រុមទាំងពីរ នៅក្របខណ្ឌ EPL កាលពីរដូវកាលមុន ក្រុម Man UTD បានយកឈ្នះ Chelsea ដោយលទ្ធផល ២ ទល់នឹង ០ ។

កាលពីសប្ដាហ៍ទី៥ កន្លងទៅ ក្រុមបិសាចក្រហម បានបំបាក់ម្ចាស់ផ្ទះ Newcastle ដោយលទ្ធផល ៤-១ ស្របពេលដែល ក្រុមតោខៀវ បានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវ Southampton នៅក្នុងលទ្ធផល ៣-៣។

ក្រោមការដឹកនាំរបស់លោក Ole Gunnar solskjaer ក្រុម Man Utd បន្ទាប់ពីជួបនូវលទ្ធផលមិនល្អប្រសើរនៅដើមរដូវកាលនេះ បានចាប់ផ្ដើមស្វែងរកជ័យជម្នះជាបន្តបន្ទាប់ឡើងវិញ ជាពិសេសការឈ្នះលើក្រុមជើងឯកលីកកំពូលបារាំង PSG នៅឯប្រទេសបារាំង កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ក្នុងលទ្ធផល ២-១ ដែលបានផ្ដល់ទំនុកចិត្តសម្រាប់គ្រូបង្វឹកសញ្ជាតិន័រវែសនេះ ក្នុងការជួបជាមួយកូនក្រុមរបស់លោក Frank Lampard នៅថ្ងៃសៅរ៍នេះ។

ចំពោះ Chelsea វិញ ២ប្រកួតចុងក្រោយទាំងនៅ EPL និង Champions League សុទ្ធតែទទួលលទ្ធផលស្មើ ដោយចុងក្រោយនេះ បានស្មើជាមួយ Sevilla ០-០ ។ ទោះជាក្រុមតោខៀវ ឈរនៅលើបិសាចក្រហម ក្នុងតារាងEPL ក៏ដោយ ក៏ពួកគេមានជ័យជម្នះតែចំនួន ២លើកដូចគ្នាប៉ុណ្ណោះ។

ខ្សែប្រយុទ្ធចំណូលថ្មី របស់ Man Utd គឺ Edinson Cavani នឹងអាចបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីលោក Ole បង្ហើបនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីថ្ងៃសុក្រ។ យ៉ាងណាមិញ លោកក៏បានបញ្ជាក់ដែរថា ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood និងខ្សែការពារ Harry Maguire មិនទាន់ច្បាស់ក្នុងការអាចចូលលេងវិញនោះទេ។ ចំពោះ ខ្សែការពារ Eric Baily ក៏របួសមិនអាចចូលលេងបានឡើយ។

ចំណែក លោក Frank Lampard គ្រូបង្វឹក Chelsea វិញ ក៏បានបង្ហើបថា អ្នកចាំទី Edouard Mendy, ខ្សែការពារ Thiago Silva និងអតីតកីឡាករឆ្នើមរបស់ Ajax គឺកីឡាករ Hakim Ziyech នឹងអាចចូលលេងបាននៅថ្ងៃសៅរ៍នេះ លើកលែងតែខ្សែបម្រើ Billy Gilmour ។

អាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងទីលានក្នុងការប្រកួតនេះ គឺលោក Martin Atkinson ។

“សម្រាប់ជំនួបនេះ CBS ទស្សន៍ទាយថា Manchester United ២-១ Chelsea”៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម