Connect with us

គម្រោងស្ពានបេតុង១ទៀត តភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ នឹងបើកការដ្ឋាននៅថ្ងៃស្អែក

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរា។ ជាមួយគ្នានេះ ការដ្ឋានសាងសង់ ក៏ស្ថាបនាស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ ផងដែរ។

គម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ដែលជាផ្នែកនៃគម្រោងសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរា មានបណ្ដោយស្ពានសរុបប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ បណ្ដោយស្ពានបេតុង ៤៥ម៉ែត្រ។ ចំណែកផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ ដោយសាងសង់ប្រើប្រាស់រយៈពេល ១២ខែ។

ចំណែក គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ដែលតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរា មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ ជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងសរុបប្រហែល ៥០០ម៉ែត្រ ទទឹង ២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ។

ស្ពាននេះដែរ មានចរាចរណ៍ទ្វេទិស មានគន្លងសម្រាប់រថយន្តចំនួន២ទៅ និង ២មក ដែល១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ម៉ូតូចំនួន ១ទៅ និង ១មក ដែលមានទទឹង ១,២៥ម៉ែត្រ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម