Connect with us

សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមហ៊ុនទូរស័ព្ទសែលកាត មានប្រព័ន្ធសេវាគ្របដណ្តប់គ្រប់ទីកន្លែងក្នុងប្រទេស និងអាចភ្ជាប់ការហៅចេញចូលទៅគ្រប់ប្រទេស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការកោតសរសើរចំពោះក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ដែលមានប្រព័ន្ធសេវាគ្របដណ្តប់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងអាចភ្ជាប់ការហៅចេញ-ចូលនៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោក។

ការថ្លែងកោតសរសើរចំពោះក្រុមហ៊ុនសែលកាតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី ២៦ខែតុលា ឆ្នាំ ២០២០នេះ។

នេះគឺជាការកោតសរសើរសាជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានកត់សម្គាល់ឃើញថា ក្រុមហ៊ុនសែលកាត ផ្តល់សេវាច្បាស់ល្អ និងមានប្រព័ន្ធអ៊ិនធើណិតល្បឿនលឿន នៅគ្រប់ទីកន្លែង ដោយមិនរអាក់រអួល ក្នុងអំឡុងពេលសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ស្របពេលដែលបណ្តាញសេវារបស់ក្រុមហ៊ុនទូរស័ព្ទដទៃមិនអាចប្រើប្រាស់អ៊ិនធើណិតបាន។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ទៀតថា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៃគណៈរដ្ឋមន្ត្រី បានប្រើប្រាស់បណ្តាញទូរស័ព្ទសែលកាតប្រមាណ ៩៥ភាគរយ ជាពិសេសប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ០១២ ដោយមន្ត្រីខ្លះប្រើប្រព័ន្ធនេះរហូតដល់ទៅ ២ទៅ ៣ខែ្សក៏មាន។

សម្តេចតេជោ បានលើកឡើងថា៖ “អា ០១២ទៅកន្លែងណាក៏វាមានសេវារបស់វា ប៉ុន្តែដល់អាផ្សេង គឺទៅជាអត់ ប៉ុន្តែខ្ញុំសង្កេតមើលអស់លោកក្នុងគណៈរដ្ឋមន្ត្រី ៩៥% ដែលប្រើ ០១២ វាមកតែខ្ញុំ ចេះតែលោតនឹងគេ ថាអានេះទៅអ៊ិនធើណិតខ្លាំង តែអានេះខ្លាំងបានតែម្តុំភ្នំពេញ ហើយភ្នំពេញមិនប្រាកកដថាមានទៀត ហើយអា ០១២ទីណាក៏មាន អាហ្នឹងមួយទៅ។ ដល់ទៅក្រៅប្រទេសក្រុមហ៊ុនដទៃទៅថ្ពួកជាមួយគេអត់បាន អត់មានកុងត្រាជាមួយគេ ប៉ុន្តែបើទៅដល់ក្រៅប្រទេសកាន់អា ០១២ទៅ Roaming ចូលផ្លុក ព្រោះវាមានកុងត្រាគ្រប់ប្រទេសទាំងអស់”។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានណែនាំឲ្យអភិបាលរាជធានីភ្នំពេញ ឱ្យយកក្រុមហ៊ុនសែលកាតរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើជាគំរូគេក្នុងការដំឡើងអង់តែន ឬបណ្តាញសេវាចូលទៅក្នុងផ្លូវក្រោមដី ដើម្បីកុំឲ្យមានបញ្ហាសេវាទូស័ព្ទតទៅទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាន និងកំពុងបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយនៅតែបន្តមានកម្មសិទ្ធិម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ភាគរយ ហើយបានវិវឌ្ឍពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះគឺឈានដល់បណ្តាញ 5G។

កាលពីកន្លងទៅក្រុមហ៊ុន សែលកាត បានសាកល្បងសម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់នៃការធ្វើតេស្ត 5G Standalone (SA) ដែលបានបង្ហាញតាំងពីខែតុលាឆ្នាំ ២០១៩ ហើយឥឡូវនេះឈានដល់ល្បឿនលឿនជាង ១,៨ជីហ្គាបីតក្នុងមួយវិនាទី ដែលជាល្បឿនខ្ពស់បំផុតដែលសម្រេចបាននៅកម្ពុជា។

ក្រុមហ៊ុន សែលកាត ចង់ឱ្យកម្ពុជាក្លាយជាគោលដៅបច្ចេកវិទ្យា 5G ដ៏លេចធ្លោបំផុតមួយ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាជំរុញឱ្យក្រុមហ៊ុនខ្មែរទាំងតូចទាំងធំ ក្លាយជាក្រុមហ៊ុនដែលអាច ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះដំបូងគេ។
ក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែក ICT ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមជួយគាំទ្រដល់រាជរដ្ឋាភិបាល រួមទាំងផ្នែកសន្តិសុខ និងស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ សៀម ប៊ុនធី

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម