Connect with us

កសិករដាំបន្លែនៅខេត្តមណ្ឌលគិរី កំពុងត្រៀមដាំដុះបន្លែរួមផ្សំឡើងវិញ ដោយសារអាកាសធាតុ ចាប់ផ្តើមអំណោយផលល្អ

មណ្ឌលគិរី ៖ កសិករដាំបន្លែនៅខេត្តមណ្ឌលគិរី បាននិងកំពុងត្រៀមដាំដុះបន្លែរួមផ្សំគ្រប់មុខឡើងវិញ ក្រោយសង្កេតឃើញថា អាកាសធាតុហាក់អំណោយផលជាថ្មីដល់ការដាំបន្លែ ព្រោះ រដូវវស្សាជិតកន្លងផុត ដែលជាឱកាសរបស់កសិករសម្រុកដាំបន្លែ គ្រប់ប្រភេទដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ។


កសិករមួយរូបដែលដាំបន្លែ ប្រហែលកន្លះហិកតា នៅចំណុចមាត់បឹងទំនប់ក្រោម ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន មនោរម្យ ឈ្មោះ លោក ខ្លូត ថេង បានរៀបរាប់ថា ចាប់តាំងពីអំឡុងចុងខែកញ្ញា គ្រាដែលភ្លៀងមិនសូវធ្លាក់ជោគជាំ លោក បានរុះរើដំណាំបន្លែប្រភេទទ្រើងចេញ នឹងចាប់ផ្ដើមដាំបន្លែផ្ទាល់ដីឡើងវិញ ព្រោះផ្អែកតាមអាកាសធាតុក្រោយដាច់ទឹកភ្លៀង និងធ្លាក់ខ្យល់ បន្លែប្រភេទទ្រើងតោងឡើង គឺលូតលាស់មិនសូវល្អទេ តែអំណោយផលសម្រាប់បន្លែដាំផ្ទាល់ដី ។


លោកថា ក្នុងរដូវវស្សា កសិករដាំបន្លែ គឺមានបញ្ហាប្រឈមខ្លាំងណាស់ គ្រាដែលភ្លៀងបានបង្អុរធ្លាក់ជោកជាំ ធ្វើឲ្យបន្លែរបស់កសិករ រលួយផ្តល់ផលមិនបានច្រើន ឬ មិនអាចដាំបានតែម្ដង ដោយអាចដាំបានតែប្រភេទបន្លែទ្រើងខ្លះៗប៉ុណ្ណោះ ស្របពេល ដែលទីផ្សារបញ្ជាទិញមានតម្រូវការលើសលុប ដែលនេះជាទុក្ខកង្វល់មួយរបស់ប្រជាកសិករដាំបន្លែទូទៅនៅក្នុងរដូវវស្សា ព្រោះប្រភពចំណូលបានធ្លាក់ចុះច្រើន ។
លោក ខ្លូត ថេង បានអោយដឹងផងដែរថា នៅខែវិច្ឆិកាខាងមុខនេះ បើមិនមានភ្លៀងធ្លាក់ទៀតនោះ លោក នឹងពង្រីកការដាំដុះ បន្លែរួមផ្សំឡើងវិញពេញផ្ទៃដីកន្លះហិកតាតែម្ដង ដើម្បីអាចផ្គត់ផ្គង់ជាមួយការបញ្ជាទិញបាន ព្រោះបច្ចុប្បន្នទីផ្សារបន្លែធម្មជាតិខេត្តមណ្ឌលគិរី គឺមានតម្រូវការខ្ពស់ខ្លាំងណាស់ ដែលកសិករមិនអាចផលិតគ្រប់នោះទេ ។


លោក ខ្លូត ថេង ក៏បានរម្លឹកថា នៅអំឡុងរដូវបាំ្រងដែលអំណោយផលសម្រាប់ការបង្កបង្កើនផលបន្លែនោះ គ្រាន់តែស្ពៃក្ដោប ក្នុងថ្ងៃខ្លះលោកអាច ប្រមូលផលនិងលក់ចេញបានជាង២០០គីឡូ ដែលជាមធ្យម លោកអាចទទួលបានចំណូលពីរបរមួយនេះ ចន្លោះពី ៥០ទៅ៦០ម៉ឺនរៀល ក្នុងមួយថ្ងៃ ។ ប៉ុន្តែក្នុងរដូវវស្សាវិញ គឺបានចំណូលតែ៥ទៅ១០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ថ្ងៃ ស្ទើតែមិនគ្រប់ជាមួយការចំណាយសម្រាប់ថែទាំបន្លែនោះទេ ។
កសិករដដែលបញ្ជាក់ថា ក្នុងរដូវបង្កបង្កើនផលបន្លែឆ្នាំនេះ លោកនឹងដាំបន្លែច្រើនប្រភេទ ប៉ុន្តែផ្ដោតលើការដាំដុះប្រភេទបន្លែស្ពៃក្ដោបច្រើន ព្រោះស្ពៃក្ដោបបច្ចុប្បន្ន គឺមានទីផ្សារល្អជាងបន្លែដទៃ និង អាចបោះឲ្យម៉ូយបានតម្លៃ៥ពាន់រៀល ក្នុង១គីឡូក្រាម ។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មិនថារដូវប្រាំង ឬ រដូវវស្សា កសិករនៅខេត្តមណ្ឌលគិរី មិនអាចផលិតបន្លែឲ្យគ្រប់តាមតម្រូវការបញ្ជាទិញនោះទេ ព្រោះតែមានឈ្មួញបញ្ជាទិញយកទៅលក់បន្តច្រើនលើសពី សមត្ថភាពកសិករផលិតបាន ។


លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា នៅរដូវបង្កបង្កើន ផលបន្លែឆ្នាំនេះ ឃើញថា កសិករបានត្រៀមការដាំដុះបន្លែទ្វេរដង បើធៀបនឹងឆ្នាំមុន ដើម្បីអាចផ្គត់ផ្គង់បន្លែ តាមការកម្មង់ទិញរបស់ឈ្មួញ ព្រោះថាទិន្នផលបន្លែរបស់កសិករសព្វថ្ងៃមិនទាន់មានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារនោះទេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម