Connect with us

សម្ពាធពីការសិក្សា គ្រួសារ និងសង្គម យុវវ័យគួរចេះរកវិធីបន្ធូរភាពតានតឹងខ្លះ

មនុស្សយើងម្នាក់ៗ ពេលវ័យឈានកាន់តែធំទៅៗ យើងត្រូវប្រឈមមុខនឹងឧបសគ្គច្រើន ទាំងក្នុងការសិក្សា បញ្ហាពីសង្គម។ ជួនកាលនៅក្នុងគ្រួសារក៏មានបញ្ហាទៀត ដែលរឿងអស់នេះសុទ្ធតែដាក់សម្ពាធទាំងផ្លូវចិត្ត និងផ្លូវកាយរបស់យើង។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា បានពន្យល់ឱ្យដឹងថា ទាក់ទងនឹងសម្ពាធដែលទទួលបានពីបញ្ហាសង្គម ឬបញ្ហាផ្ទាល់ខ្លួន មនុស្សគ្រប់វ័យអាចជួបទាំងចាស់ ទាំងក្មេង គ្រាន់តែយុវវ័យងាយប្រឈមនឹងវិបត្តិផ្លូវចិត្តជាងគេ ដោយសារការទទួលសម្ពាធច្រើនពេក។ ប៉ុន្តែ យើងមិនត្រូវបណ្ដោយខ្លួនឱ្យសម្ពាធទាំងអស់នោះ មកញាំញីក្នុងជីវិតរស់នៅសព្វថ្ងៃរបស់យើងទេ ដូចនេះហើយយើងត្រូវចេះរកវិធីរំសាយភាពស្មុគស្មាញទាំងនោះចោលខ្លះ កុំទុកនៅក្នុងខ្លួនច្រើនពេកនាំតែពិបាកខ្លួនឯងកាន់តែខ្លាំង។ សម្រាប់យុវវ័យ ត្រូវចំណាយពេលទំនេរខ្លះ ហើយយើងគួរតែរកវិធីដោះស្រាយភាពតានតឹងពីសម្ពាធទាំងនោះដោយ៖

– ញ៉ាំអាហារគ្រប់គ្រាន់ និងបន្ថែមពពួកវីតាមីន
– ហាត់ប្រាណជាប្រចាំ (លំហាត់ប្រាណដែលជួយសម្រួលអារម្មណ៍ មាន យូហ្គា តាំងសមាធិ។ល។)
– គេងឱ្យបានគ្រប់គ្រាន់ និងត្រូវមានទម្លាប់នៃការគេងត្រឹមត្រូវ
– ចៀសវាងញ៉ាំជាតិកាហ្វេអ៊ីនច្រើន (ជាតិកាហ្វេអ៊ីនអាចបង្កើនការថប់បារម្ភ)
– ចៀសវាងការផឹកគ្រឿងស្រវឹង ជក់បារី និងប្រើគ្រឿងញៀនដាច់ខាត
– កាត់បន្ថយការគិត ការនិយាយអវិជ្ជមានពីខ្លួនឯង
– រកពេលរៀនជំនាញផ្សេងៗ ខ្លីៗដែលខ្លួនស្រលាញ់ដូច រៀនធ្វើម្ហូប រៀនហែលទឹក វាយសី ជាដើម
– បង្រៀនខ្លួនឯងឱ្យមានអារម្មណ៍ចំពោះអ្វីដែលខ្លួនកំពុងធ្វើទៅតាមសមត្ថភាព ចៀសវាងទាមទារភាពល្អឥតខ្ចោះពីខ្លួនឯង
– ដកខ្លួនពីស្ថានការស្មុគស្មាញ ដែលបង្កឱ្យស្ត្រេសលើសដើមខ្លះ ហើយរកពេលសម្រាកខួរក្បាលដោយការដើរលំហែកាយ ស្ដាប់ចម្រៀង ជាដើម
– ចំណាយពេលជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ដែលអាចជួយដោះស្រាយបញ្ហារបស់យើងបាន និងមនុស្សដែលជួយឱ្យយើងសប្បាយចិត្ត។ល។

ក្រៅពីវិធីដោះស្រាយអារម្មណ៍តានតឹងខាងលើអស់នេះ យើងអាចជ្រើសយកវិធីផ្សេងទៅតាមចំណង់ចំណូលចិត្តរបស់យើងដែលជួយសម្រួលអារម្មណ៍ឱ្យបានធូរស្រាលវិញ។

វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យារូបនេះ បញ្ជាក់ថា ប្រសិនបើធ្វើតាមតិចនិកខាងលើនេះហើយ ប៉ុន្តែនៅតែមិនអាចរកភាពសប្បាយរីករាយឱ្យខ្លួនឯងបាន គួរណាតែទៅជួបគ្រូពេទ្យជំនាញចិត្តសាស្ត្រ ដើម្បីពិគ្រោះរកមធ្យោបាយដោះស្រាយឱ្យបានលឿន ចៀសវាងវាក្លាយទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដូចជាជំងឺបាក់ទឹកចិត្ត ឬអាចគិតដើរផ្លូវអាក្រក់បាន។

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម