Connect with us

ករណីស្ត្រីជនជាតិចិនម្នាក់ ដែលបានដើរស្រែកយំ ថាគាត់ត្រូវបានចោរឆក់ គឺជាព័ត៌មានមិនពិត

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិតឡើយ។

ជាក់ស្តែងមិនមានករណីឆក់កើតឡើងដូចស្ត្រីចិនរូបនេះលើកឡើងឡើយ
បន្ទាប់ពីធ្វើការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។

ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះ ប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម