Connect with us

ប្រទេសស្លូវ៉ាក សន្យាក្នុងការជួយចែករំលែកបទពិសោធន៍លើវិស័យហិរញ្ញវត្ថុសាធារណៈដល់ ប្រទេសកម្ពុជា រួមនឹងការពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃសាធារណៈរដ្ឋស្លូវ៉ាក រួមនឹងក្រុមធុរកិច្ច បានមកបំពេញទស្សនៈកិច្ចការងារនៅកម្ពុជា រយៈពេល៣ថ្ងៃ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ នឹងប្រទេសកម្ពុជា រួមនឹងការសន្យាជួយចែករំលែកបទពិសោធន៍ដល់កម្ពុជា លើវិស័យហិរញ្ញវត្ថុ សាធារណៈផងដែរ ។
ការអះអាងក្នុងការជួយនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម Peter Kazimœr ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក ជាមួយនឹងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។


ក្នុងជំនួបនោះ ឯកឧត្តម Peter Kazimœr ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល ២ ទស្សវត្សចុងក្រោយនេះ សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមជាង ៧ % ដែលនាំឲ្យកម្ពុជា ជាប់ ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿន នៅលើពិភពលោក ។ ទាំងនេះ បញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ។ ឯកឧត្តម Peter Kazimœr បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលស្លូវ៉ាក បានត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍ ដែលស្លូវ៉ាកមាន ដល់ភាគីកម្ពុជា ជាពិសេស ពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុសាធារណៈ ។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម Peter Kazimœr និងគណៈប្រតិភូទាំងមូល ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាកនៅកម្ពុជាលើកនេះ ប្រទេសទាំងពីរ កម្ពុជា-ស្លូវ៉ាកនឹងពង្រឹងបានថែមទៀត នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងពង្រីងនូវទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហ- ប្រតិបត្តិការលើវិស័យផ្សេងៗ ជាច្រើនទៀត ដូចជា ការអប់រំ/ការអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ល។


ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបជូនថា កំណែទម្រង់លើវិស័យហិរញ្ញវត្ថុសាធារណៈ ជាកំណែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយកិច្ចសហប្រតិបត្តិការបច្ចេកទេស ក៏ដូចជា បទពិសោធន៍របស់ស្លូវ៉ាក គឺជាបទពិសោធន៍ដែលកម្ពុជា នឹងសិក្សាស្វែង យល់បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ការអនុវត្តន៍នៅកម្ពុជា ។


គួររំលឹកថា គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាក ដឹកនាំដោយ ឯកឧត្តម Peter Kazimœr ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក អមដំណើរដោយក្រុមធុរជនស្លូវ៉ាក មានសមាជិកសរុបចំនួន ៤២ នាក់ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ រយៈ ពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃទី ១៤ ខែតុលា ។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ, គណៈប្រតិភូស្លូវ៉ាក ក៏បានទៅទស្សនាប្រាង្គប្រាសាទអង្គវត្ត និងប្រាសាទបុរាណនានា នៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម