Connect with us

CAMSOC បូកសរុបលទ្ធផលការងារប្រចាំត្រីមាស និងលើកទិសដៅបន្តឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នៅវិមានមិត្តភាព កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់ខ្លួន ឆ្ពោះទៅរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានលើកឡើងនូវប្រសាសន៍គំាទ្រ របស់សម្តេចប្រធាន សម្រាប់ការត្រៀមពិធីបើក-បិទ ដែលជាពិធីដ៏អស្ចារ្យ និងមានសារៈសំខាន់ ហើយសម្តេច ក៏បានចង្អុលបង្ហាញជូនដល់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធាន គណៈកម្មការជំនាញវប្បធម៌ នៃ CAMSOC ជួយជំរុញបញ្ជ្រាបវប្បធម៌ របស់យើងចូលទៅក្នុងកម្មវិធីបើក-បិទ ឱ្យកាន់តែអស្ចារ្យ និងមានភាពប្រណីត។

លោក វ៉ាត់ ចំរើន បានលើកឡើងទៀតថា នៅរាល់ដំណើរការ ពីមួយត្រីមាសទៅមួយត្រីមាសឃើញថា វឌ្ឍនភាពការងារបាននឹងកំពុងឆ្ពោះទៅក្នុងដំណើរការដ៏ត្រឹមត្រូវ តាមផែនការយ៉ាងរលូន ។ ប៉ុន្តែអ្វីជាកង្វល់ នោះគឺលើផ្នែកបច្ចេកទេស ដែល CAMSOC នឹងបន្តធ្វើ កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិនានា រួមជាមួយនឹងគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលដៅដ៏ចម្បងរុញគោលដៅ យុទ្ធសាស្ត្រឲ្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិត្រូវទៅតាមស្តង់ដាវិទ្យាសាស្ត្រកីឡា។

សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះនឹងរៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិមួយដ៏ធំ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ នូវគោលដៅទាំងអស់របស់ CAMSOC ជូនដល់ភាគីពាក់ព័ន្ធ ហើយនឹងបន្តការផ្សព្វផ្សាយនេះជូនដល់ប្រជាពលរដ្ឋ ដែលគេដឹងច្បាស់ហើយថា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥គឺជាអនុប្រធាន CAMSOC ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងស៊ីជម្រៅជូនដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម