Connect with us

ធនាគារដ៏ធំមួយរបស់កូរ៉េខាងត្បូង កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងសម្រាប់ពលរដ្ឋធម្មតា ក្នុងតំបន់អាស៊ាន

ភ្នំពេញ ៖ ធនាគារ ខេប៊ី គុកមីន (KB Kookmin Bank)នៃសាធារណៈរដ្ឋកូរ៉េ កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធធនាគារចល័ត(Mobile Bank Platform) សម្រាប់បម្រើសេវាធនាគារដល់អតិថិជនរបស់ខ្លួន ជាពិសេស នៅប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ាន ដែលធនាគារនេះ មានសាខា ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។


ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង និង ទីជនបទ ក្នុងការទទួលបានសេវាកម្មប្រាក់កម្ចីនិងសេវាកម្មផ្សេងទៀតពីធនាគារនេះ ក៏ដូចជាកាត់ បន្ថយការចំណាយសម្រាប់ប្រតិបត្តិការធនាគារផងដែរ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពីតំបន់អាស៊ាន កាលពីពេលថ្មីៗនេះ នៅទីស្នាក់ការកណ្តាលនា ទីក្រុងសេអ៊ូល លោក ផាក ជេហុង (Park Jae-Hong) នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកធុរកិច្ចសកល នៃធនាគារ KB Kookmin Bank បានអោយដឹងថា ការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធទូរស័ព្ទ គឺ កំពុងតែផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅតំបន់អាស៊ាន ។


លោក បានលើកឡើងថា ការរៀបចំបង្កើតជា Mobile Bank System តាមប្រព័ន្ធទូរស័ព្ទ ជាការចំណាដ៏មានប្រសិទ្ធិភាពមួយសម្រាប់អាជីវកម្មធនាគារ ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ វាពិតជាពិបាក សម្រាប់អតិថិជនដែលរស់នៅតំបន់ជាយក្រុង និងទីជនបទ ក្នុងការមកទទួលសេវាពីធនាគារ ។ ជាងនេះទៅទៀត អតិថិជននៅទីជនបទ គាត់ត្រូវការកម្ចីសម្រាប់គេហដ្ឋានខ្នាតតូច ឬ អាជីវកម្មខ្នាតតូច ។ ដូចនេះ បើបង្កើតសាខាតូចៗ ធនាគារ នឹងត្រូវចំណាយប្រាក់ច្រើន ។ ដូច្នេះជម្រើសដ៏ល្អ គឺការប្រើប្រព័ន្ធធនាគារចល័ត ដែលអាចផ្តល់អោយអតិថិជន នូវភាពងាយស្រួលក្នុងការទទួលបានសេវាពីធនាគារ ។ តាមរយៈប្រព័ន្ធនេះ អតិថិជន ដែលមានតម្រូវការកម្ចីពីធនាគារសម្រាប់គ្រួសារ ឬ សម្រាប់អាជីវកម្មខ្នាតូច អាចទទួលបានកម្ចី យ៉ាងងាយ ។ តែទោះយ៉ាងណា លោក បញ្ជាក់ថា បច្ចេកវិទ្យាថ្មីៗនេះ នឹងត្រូវដាក់សាកល្បងក្នុងប្រទេសកូរ៉េ ជាមុនសិន មុននឹងនាំយកទៅប្រើប្រាស់ក្នុងទីផ្សារក្រៅប្រទេស ។


លោក ផាក ជេហុង (Park Jae-Hong) ក៏បានអោយដឹងផងដែរថា សម្រាប់អាស៊ាន គឺជាទីផ្សារ មួយយ៉ាងសំខាន់សម្រាប់វិនិយោគិនកូរ៉េ ជាពិសេស គឺក្រោយពេលដែលការដាក់ចេញនូវគោល នយោបាយភាគខាងត្បូងថ្មី របស់លោកប្រធានាធិបតី ម៉ូន ជេអ៊ីន ។ ដូចនេះ ធនាគារបស់លោក ក៏នឹងសម្លឹងមើលលើការពង្រីកនូវអាជីវកម្មថី្មៗរបស់ខ្លួនបន្ថែមទៀត ក្នុងតំបន់អាស៊ាន ជាពិសេស នៅក្នុងប្រទេសកម្ពុជា ផងដែរ ។
លោក ផាក ជេហុង ក៏បានបញ្ជាក់ផងដែរថា ធនាគារ KB Kookmin Bank នឹងផ្តោតលើការផ្តល់ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម រួមនឹងកម្ចីសម្រាប់ពលរដ្ឋសាមញ្ញដែលមានតម្រូវការ សម្រាប់ជីវភាពរស់ ។ លោក បានលើកឡើងថា សម្រាប់តំបន់អាស៊ាន ប្រទេសជាច្រើន កំពុងស្ថិតក្នុងតំណាក់កាលអភិវឌ្ឍន៍ ដូចនេះ តម្រូវការទុនសម្រាប់ពលរដ្ឋនៅមានទំហំធំ ដូចនេះ វាជាឪកាសក្នុងការទទួលបានការប្រាក់ខ្ពស់សម្រាប់ធនាគារ ។
បើតាម លោក ផាក ជេហុង នៅកម្ពុជា ក្រុមហ៊ុន KB Financial Group បានបើកប្រតិបត្តិការធនាគារ KB Kookmin នៅឆ្នាំ ២០០៩ ដែលជាមួយនឹងអាត្រាកម្ចីកើនឡើងប្រមាណ ៦០ ទៅ ៧០ភាគរយក្នុងមួយឆ្នាំ នៅប្រទេសមីយ៉ាន់ម៉ា ចាប់ផ្តើមនៅឆ្នាំ២០១១ ជាមួយនឹងអាត្រាកម្ចីកើនឡើងជាង ១០០ភាគរយក្នុងមួយឆ្នាំ និង នៅប្រទេសវៀតណាម ប្រតិបត្តិការនៅឆ្នាំ២០១៧ ជាមួយនឹងអាត្រាកម្ចី មានការកើនឡើងប្រមាណ ៤០ ទៅ ៥០ភាគរយក្នុងមួយឆ្នាំ និង ប្រទេសឥណ្ឌូនេស៊ី ទើបតែចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៨នេះ ។


សម្រាប់ប្រទេសកម្ពុជា គិតរហូតមកទល់នឹងឆ្នាំ២០១៨នេះ ក្រុមហ៊ុន KB Financial Group បានបោះទុនលើធនាគារ KB Kookmin ប្រមាណ ៧០លានដុល្លាអាមេរិក ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន KB Financial Group ទើបបោះទុនចំនួន ៣០លានដុល្លាអាមេរិកថែមទៀត លើការបង្កើតធនាគារឯកទេស KB Daehan នៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់សេវាលើកច្ចីសម្រាប់យានយន្ត និង កម្ចីដែលដាក់អចលនៈទ្រព្យបញ្ចាំ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម