Connect with us

ប្រទេសឥណ្ឌូណេស៊ី នឹងក្លាយជាទីផ្សារនាំចេញអង្ករ និងផលិតផលកសិកម្មថ្មីមួយទៀតរបស់ប្រទេសកម្ពុជា

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសនេះ កំពុងពិចារណាទិញអង្ករ និងផលិតផលកសិកម្មពីប្រទេសកម្ពុជា ក្នុងពេលខាងមុខ ។ ការអះអាងនេះ បានធ្វើឡើង ខណៈលោក ស៊ូឌាមេន ហាសេង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបជាមួយនឹងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុង សប្តាហ៍នេះ ។
គួររំលឹកថា កាលពីឆ្នាំ២០១៦ ឥណ្ឌូណេស៊ី ក៏ធ្លាប់បានពិចារណាទិញអង្ករចំនួន ១សែនតោន ពីប្រទេសកម្ពុជាផងដែរ ប៉ុន្តែគម្រោងនោះ មិនទទួលបានជោគជ័យទេ ដោយសារបញ្ហាតម្លៃ ។


ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ី នៅលើវិស័យអាទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។
ក្នុងជំនួបទ្វេភាគីនោះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានស្នើឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក៏ដូចជាការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍លើផ្នែក បច្ចេកវិទ្យាទូរគមនាគមន៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែលជាគន្លឹះក្នុងការលើកស្ទួយសហគ្រិនភាព សំដៅធ្វើពិពិធកម្មឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ឥណ្ឌូណេស៊ី បានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្ត្រី និងបានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី មានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងទៀតជាមួយកម្ពុជា។ លោក បានបញ្ជាក់ថា នៅ សប្តាហ៍ក្រោយ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រតិភូធុរជនកម្ពុជា ដែលស្វែងរកឱកាសអាជីវកម្មនៅទីក្រុង Bandung នៃខេត្តចាវ៉ាខាងលិច។


ជាងនេះទៅទៀត ដើម្បីជំរុញកិច្ចសហការ និង កាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មទ្វេភាគី ឥណ្ឌូណេស៊ី នឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ភូមិ១ ផលិតផល១ ដែលប្រព្រឹត្តទៅនាថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ នៅរាជធានីភ្នំពេញខាងមុខនេះ។
តាមរបាយការណ៍ បានអោយដឹងថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបានទឹកប្រាក់សរុប ៥៣៩ លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ២០% បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ២៦លានដុល្លារអាមេរិក និងនាំចូលមានចំនួន ៥១៤លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែក នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់ ៣១៨លានដុល្លារអាមេ រិក គឺបានកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម