Connect with us

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេល ៩ខែ មានការថយចុះជិត ១ពាន់លានដុល្លា បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧

ភ្នំពេញ ៖ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងដែនដី បានអោយដឹងនៅថ្ងៃម្សិលម៉ិញនេះថា រយៈពេល៩ខែ ឆ្នាំ២០១៨ គម្រោងសាងសង់មានចំនួន ២៥៤១គម្រោង លើផ្ទៃដីជិត ១១លានម៉ែត្រការ៉េ និង មានតម្លៃទុនវិនិយោគ ប៉ាន់ស្មានជិត ៥ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៧រយៈពេលដូចគ្នា មានគម្រោងវិនិយោគមាន ២៥២២គម្រោង លើផ្ទៃដីជាង ៩លានម៉ែត្រការ៉េ និងមានតម្លៃទុនវិនិយោគជិត ៦ពាន់លានដុល្លារអាមេរិក ។
ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងសន្និសីទកាសែតថា តាមរបាយការណ៍ បានបង្ហាញថា គម្រោងវិនិយោគលើវិស័យសំណង់៩ខែឆ្នាំនេះ មានការកើនឡើងក៏ពិតមែន ប៉ុន្តែតម្លៃទុនវិនិយោគ គឺមានការថយចុះរហូតដល់ជិត ១ពាន់លានដុល្លារ។


ឯកឧត្តម ក៏បានលើកឡើងថា ស្របពេលដែលចំនួនក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់បានចុះបញ្ជីនៅក្រសួង មានចំនួនដល់ទៅ១០៧០គម្រោង ក្នុងរយៈពេល៩ខែឆ្នាំនេះ ហើយ កម្ពុជា ក៏សម្រេចបាននូវគំរោងសាងសង់អាគារខ្ពស់ៗ និងសំណង់បុរីក្នុងបរិមាណដ៏ច្រើនរួចជាស្រេចទៅហើយ។
យោងតាមតួលេខ គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជា មានគម្រោងបុរីលំនៅឋាន ត្រូវបានសាងសង់ថ្មីៗមានចំនួនដល់ទៅ ២២៨ទីតាំងឯណោះ ដោយមានអត្រាអ្នកស្នាក់នៅពី៦៥%ទៅ៧៥% ខណៈដែលសំណង់អាគារខ្ពស់ៗសម្រេចបានចំនួន ១០៨៤ រួចជាស្រេចទៅហើយ ។


ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ស្របគ្នានឹងការរីកចម្រើននៃវិស័យសំណង់ ប្រទេសកម្ពុជា ក៏ត្រូវការចំនួនវិស្វករកាន់តែច្រើនជាងមុនទៀតផង ក្នុងនោះ គិតចាប់ពីឆ្នាំ២០១៤រហូតមកដល់ចុងឆ្នាំ២០១៨នេះ គណៈស្ថាបត្យករកម្ពុជាបានចុះបញ្ជីវិស្វករបានចំនួន៧១៣រូប ។
គួរបញ្ជាក់ថា វិស័យសំណង់បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ ក្នុងនោះ ៩ខែឆ្នាំ២០១៨ វិស័យសំណង់ បានផ្តល់ការងារគិតជាមធ្យមពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ដោយឡែកនៅភ្នំពេញ មានកម្មករសំណង់បំពេញការងារជាធម្យមចន្លោះ ៩ម៉ឺន ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ។ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ការងារក្នុងវិស័យសំណង់នេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ ១២០ភាគរយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម