Connect with us

កម្ពុជា-ថៃ បានឯកភាពគ្នាលើកម្មវិធីទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍មួយ ដោយរំពឹងនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ប្រទេសទាំងពីរ

កំពត៖ ក្រសួងទេសចរណ៍កម្ពុជា និង ថៃ បានឯកភាពលើសកម្មភាពជាច្រើនដើម្បីជំរុញនិងផ្សព្វផ្សាយពីទេសចរណ៍នៃប្រទេសទាំងពីរ ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម និង ការបង្កើនប្រាក់ចំណូល ។
ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ លើកទី២ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រួចមក ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ថោង ខុន និង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ នៅសណ្ឋាគារ ឡឺ បូកគោផាលេស (ឧទ្យានជាតិព្រះមុនីវង្សបូកគោ) ខេត្តកំពត នាថ្ងៃម្សិលម៉ិញនេះ ។


តាមរយៈកិច្ចប្រជុំ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា លើការងារ៦ចំនុច ដែលរួមមាន ៖

  1. ជំរុញលំហូរទេសចរ ទស្សនាគ្នាទៅវិញទៅមក ទាំង ទេសចរកម្ពុជា និង ទេសចរថៃ ព្រមទាំង ទេសចរមកពីប្រទេសទីបី ទស្សនា ប្រទេសទាំងពីរ ។ រដ្ឋមន្រ្តីទាំងពីរ ឯកភាពគ្នា ធ្វើការបន្ថែមទៀតជាមួយភាគីពាក់ពន្ធ័ ដើម្បីសំរួលការធ្វើដំណើរ និង ដឹកជញ្ជូនទេសចរ ការរៀបចំសម្បាទា និង ហេដ្ឋារចនាសម្ពន័នានា នៅតាមច្រកទ្វារព្រំដែន ព្រមទាំងបញ្ហាទិដ្ឋការ និង ការប្រើប្រាស់ ប័ណ្ណព្រំដែន ។ ភាគីទាំងពីរ បានលើកគំនិត ធ្វើការបូកសរុប ពី ACMECS Single Visa ជូនកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅពេលខាងមុខផងដែរ ។
  2. ការសិក្សាទីផ្សារ និង ការផ្សព្វផ្សាយទេសចរណ៍ ៖ ភាគីទាំងពីរ បានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍មួយ» ចូលរួមគ្នាផលិតឯកសារផ្សព្វផ្សាយ video និងការចូលរួមការតាំងពិពរណ៍ទេសចរណ៍។
  3. ពាក់ព័ន្ធនឹងវិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ភាគីទាំងពីរ បានឯកភាពគ្នា ជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំ ដោយត្រូវរៀបចំអោយ មានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និង ត្រូវជំរុញទេសចរណ៍ សមុទ្រ ទេសចរណ៍ តាមនាវា ។ ភាគីទាំងពីរ ក៍បានស្របយោបល់គ្នា ក្នុងការជំរុញការតភ្ជាប់ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេស ភាគខាងត្បូងថៃ និង ខេត្តព្រះសីហនុផងដែរ។
  4. ភាគីកម្ពុជា ស្នើសុំភាគីថៃ ពិចារណាជួយផ្ដល់ការបណ្ដុះបណ្ដាល ផ្នែកជំនាញទេសចរណ៍ ការគ្រប់គ្រង គោលដៅទេសចរណ៍ រមនិយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍នៃខេត្តជាប់ព្រំដែន ។ បញ្ហានេះ ភាគីថៃ បានឆ្លើយតបការជួយជំរុញការងារនេះ ខណៈថៃកំពុងជួយបណ្ដុះបណ្ដាល (តាមរយៈការចុះអនុស្សរណៈជាមួយក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី)។
  5. ភាគីទាំងពីរ បានគាំទ្រគ្នា ក្នុងការជំរុញការវិនិយោគ លើវិសយ័ទេសចរណ៍ ។ កម្ពុជាបានអញ្ជើញវិនិយោគិនថៃ ក៏ដូចជាអ្នកពាក់ព័ន្ធខាងភាគីថៃ មកវិនិយោគនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ ក្នុងព្រឹត្តិការបុណ្យទន្លេ និងបុណ្យសមុទ្រដែលរៀបចំឡើងជារៀងរាល់ឆ្នាំ។
  6. អង្គប្រជុំក៍បានអនុម័តផែនការសកម្មភាពរួម សម្រាប់ អភិវឌ្ឍន៍វិសយ័ទេសចរណ៍ឆ្នាំ២០១៩-២០២១ (The Joint Action Plan 2019-2021)។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើង ១១,៨% ធៀបនឹង ឆ្នាំ២០១៦ ក្នុងនោះទេសចរថៃ មានប្រមាណ ៤០ម៉ឺននាក់ រីឯ ទេសចរ កម្ពុជាទៅថៃមានប្រមាណ ៨៤ ម៉ឺននាក់ ។
សម្រាប់៨ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩៤៩,៧៥៩ កើនឡើងចំនួន ១១.៧% ក្នុងនោះ ទេសចរថៃ មានប្រមាណ ២១០,៨២៦នាក់ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម