Connect with us

រយៈពេល ១៧ថ្ងៃ មានពលរដ្ឋ មកចុះឈ្មោះបោះឆ្នោតថ្មី ចំនួនជិត២០ម៉ឺននាក់ ខណៈការចុះឈ្មោះនឹងត្រូវបញ្ចប់នៅរសៀលថ្ងៃនេះ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអោយដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ថា រយៈពេល១៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានប្រជាពលរដ្ឋ បានមកចុះឈ្មោះថ្មីចំនួន ១៨៨,៦៧៥នាក់ ។ ដោយឡែក ប្រជាពលរដ្ឋ ដែលបានលុបចេញពីបញ្ជីមានចំនួន ៤៥,២៥១នាក់ ចំណែកឯ ប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៤២៤នាក់ ។


ជាមួយគ្នានោះ គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬ ចង់កែតម្រូវទិន្នន័យ នៅក្នុងបញ្ជីបោះឆ្នោតយ៉ាងណានោះ ត្រូវមកដោះស្រាយការងារនេះ ឱ្យបានរួសរាន់ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នឹងត្រូវបិទបញ្ចប់ នៅរសៀលថ្ងៃទី ១៨ ខែតុលានេះ ។ គ.ជ.ប ក៏បានឱ្យណែនាំអោយពលរដ្ឋ សូមចូលទៅកាន់គេហទំព័រ www.necelect.org.kh ដើម្បីពិនិត្យមើលតារាងសម្អិត ប្រចាំថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សម្រាប់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និង តាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (app) ។


សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ បានចាប់ផ្តើមពីថ្ងៃទី០១ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ។ ជាមួយនេះ នៅថ្ងៃស្អែក គ ជ ប ក៏នឹងបើកកិច្ចប្រជុំ ដើម្បីធ្វើការបូកសរុបលទ្ធផលនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នេះផងដែរ ។
គួររំលឹកថា កាលពីឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៥២៥,៤៥៩នាក់ហើយ ស្មើនឹងជាង ៣២ ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម