Connect with us

ឆ្នេរអង្កោលខេត្តកែប ដែលពុំសូវមានអ្នកទៅដល់ ត្រៀមកែប្រែមុខមាត់ថ្មីរង់ចាំភ្ញៀវទេសចរទៅកម្សាន្ត

កែប៖ បើនិយាយពីខេត្តកែប ប្រជាពលរដ្ឋភាគច្រើន និយមទៅលំហែកាយនៅឆ្នេរក្រុងកែប ដែលមានអ្នកទេសចរតិចតួចប៉ុណ្ណោះ ដែលបានទៅដល់ឆ្នេរអង្កោល ដែលជាឆ្នេរពុំសូវមានអ្នកស្គាល់ ដោយសារតែផ្លូវធ្វើដំណើរទៅមានសភាពលំបាក និងចំណាយពេលយូរ។

យ៉ាងណាមិញ មិនយូរទៀតនោះទេ ឆ្នេរអង្កោល នឹងត្រូវបានកែប្រែមុខមាត់ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្ត នៅឆ្នេរដែលមានសក្កានុពលផ្នែកធនធានធម្មជាតិនេះ។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានដឱ្យដឹងថា យោងតាមផែនការខេត្តកែបនៅឆ្នាំ២០២១ អាជ្ញាធរនឹងកែលម្អផ្លូវប្របមាត់សមុទ្រ តភ្ជាប់ពីទីរួមខេត្តកែបដល់ឆ្នេរអង្កោល ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបន្ថែមថា ឆ្នេរអង្កោល មានខ្សាច់ធម្មជាតិ សស្អាត ដែលជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីបង្វែរភ្ញៀវទេសចរទៅកម្សាន្តកន្លែងថ្មី ក៏ដូចជា កាត់បន្ថយភាពកកកុញភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅឆ្នេរក្រុងខេត្តកែប ពិសេសនៅពេលមានបុណ្យទានម្ដងៗ។

លោកបន្តថា ឆ្នេរអង្កោលដែលមានសក្តានុពលខ្លាំង នឹងត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បន្ទប់ទឹក សួនកម្សាន្ត តូបសម្រាប់ឱ្យប្រជាពលរដ្ឋអង្គុយលេង និងអាជីវករលក់ដូរដូចនៅឆ្នេរក្រុងផងដែរ។

បន្ថែមពីនេះ លោកប្រធានមន្ទីរទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ខេត្តក៏មានគម្រោងជួសជុលផ្លូវដើរឡើងលើឧទ្យានកែប ឱ្យមានលក្ខណៈស្ដង់ដា និងកែលម្អកំពង់ផែទេសចរណ៍កោះទន្សាយផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម