Connect with us

ប្រធានសហព័ន្ធកីឡាការ៉ាតេ បង្ហាញយុត្ធសាស្រ្តឆ្ពោះទៅស៊ីហ្គេម និង កំណែទម្រង់ លើការដាក់ពិន្ទុរបស់អាជ្ញាកណ្តាល

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ធកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញពីផែនការយុទ្ធសាស្ត្រជាច្រើនក្នុងដំណើរឆ្ពោះទៅប្រជែងដណ្តើមមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីស្នើឱ្យធ្វើកំណែទម្រង់លើការវិនិច្ឆ័យ និងដាក់ពិន្ទុរបស់អាជ្ញាកណ្តាលចៅក្រម ដើម្បីធានាភាពយុត្តិធម៌ជូនកីឡាករកីឡាការិនី។ ជាក់ស្តែងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ សហព័ន្ធនេះ បានបំពាក់ឧបករណ៍អេឡិចត្រូនិកក្នុងការដាក់ពិន្ទុ។

ក្នុងឱកាសធ្វើជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ កាលពីខែតុលាកន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តដាស់តឿនឱ្យថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹកនៃសហព័ន្ធ ក្លិបសមាគមរួបរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងខិតខំប្រឹងប្រែងអភិវឌ្ឍលើជំនាញរៀងៗខ្លួន ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៣។

ប្រធានសហព័ន្ធខាងលើ ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រមួយចំនួនក្នុងការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាផងដែរ។ ផែនការទាំងនោះរួមមាន សហព័ន្ធនឹងរៀបចំការប្រកួតចំនួនពីរនៅចុងឆ្នាំ២០២០ និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២។

លើសពីនេះ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធ បានហៅគ្រូបង្វឹកបរទេសចំនួនពីររូប គឺជនជាតិអ៊ីរ៉ង់១រូប និងជនជាតិជប៉ុន១រូប មកបង្វឹកនៅកម្ពុជា។ គ្រូបង្វឹកជនអ៊ីរ៉ង់ Hassan នឹងបង្វឹកលើវិញ្ញាប្រយុទ្ធ ខណៈគ្រូបង្វឹកជនជាតិជប៉ុន Shoki Toyarma បង្វឹកលើវិញ្ញាសាមេគុន។

រំលឹកដែរថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិកីឡាការ៉ាតេឆ្នាំ២០២០ មានប្រតិភូ អត្តពលិកចំនួន២៣៦នាក់មកពី២៣ក្លិបសមាគមចូលរួម ដោយពួកគេប្រកួតប្រជែងគ្នាលើ៣៤វិញ្ញាសា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម