Connect with us

រឿងគួរដឹង! វិធីខ្លះៗសម្រាប់ថែទាំអ្នកជំងឺវង្វេង

បញ្ហាវង្វេង (Dementia) គឺជាការបាត់បង់មុខងារមួយចំនួននៃការយល់ដឹង ដែលកើតឡើងជាមួយនឹងជំងឺមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ការចងចាំ ការគិត និងអាកប្បកិរិយាជំងឺ។ បញ្ហាជំងឺនេះ ភាគច្រើនកើតឡើងចំពោះមនុស្សចាស់ តែទោះជាយ៉ាងនេះក្ដី វាមិនមែនកើតឡើងដោយសារតែការវិវត្តធម្មតារបស់វ័យ ឬ អាយុនោះទេ។ បើយោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង ៥០លាននាក់គឺកំពុងមានជំងឺនេះ ហើយករណីថ្មីគឺកើតមាន ១០លានករណីរៀងរាល់ឆ្នាំ។

១- សញ្ញានឹងរោគសញ្ញារបស់ជំងឺ
បញ្ហានេះប៉ះពាល់មនុស្សម្នាក់ៗ ខុសៗគ្នា គឺអាស្រ័យលើជំងឺដែលបង្កឱ្យមានបញ្ហានេះ និងអត្តចរិតរបស់បុគ្គលម្នាក់នោះ មុនពេលឈឺ។ រោគសញ្ញា និងសញ្ញារបស់បញ្ហានេះ គេអាចដឹងបានតាមរយៈដំណាក់កាលទាំងបីរបស់ជំងឺ៖

ដំណាក់កាលដំបូង៖ គឺជាដំណាក់កាលដែលមនុស្សមួយចំនួនមើលរំលង ដោយសារតែវាចាប់ផ្ដើមម្ដងបន្តិចៗ។ រោគសញ្ញាទូទៅដែលគេឃើញរួមមាន៖

-ភ្លេចភ្លាំងច្រើន
-មិនចាំម៉ោងពេល
-វង្វេងផ្លូវនៅកន្លែងដែលធ្លាប់ទៅញឹកញាប់

ដំណាក់កាលកណ្ដាល៖ ដំណាក់កាលនេះ គឺសញ្ញានិងរោគសញ្ញាជំងឺគឺកាន់តែច្បាស់ហើយរោគសញ្ញារួមមាន៖

-ឆាប់ភ្លេចនៅហេតុការណ៍ថ្មីៗដែលកើតឡើង និងភ្លេចឈ្មោះរបស់អ្នកដែលស្គាល់ជិតដិតពីមុន
-វង្វេងនៅក្នុងផ្ទះ
-កាន់តែពិបាកនៅក្នុងការធ្វើទំនាក់ទំនង
-ត្រូវការជំនួយពីអ្នកថែទាំ
-ផ្លាស់ប្ដូរទំលាប់ និងអាកប្បកិរិយា ដូចជាចាប់ផ្ដើមដើរពនេចរ និងសួរសំនួរដដែលៗ

ដំណាក់កាលចុងក្រោយ៖ ដំណាក់កាលនេះ គឺអ្នកជំងឺស្ទើរតែត្រូវការជំនួយនិងការថែទាំ ហើយចាប់ផ្ដើមមិនមានសកម្មភាព។ បញ្ហាការពិបាកចងចាំកាន់តែធ្ងន់ធ្ងរ ហើយសញ្ញានិងរោគសញ្ញាលើរាងកាយកាន់តែលេចចេញមក៖

-កាន់តែលែងដឹងពីពេលវេលា និងទីកន្លែង
-ពិបាកក្នុងការស្គាល់សាច់ញាតិ និងមិត្តភក្ដិ
-ត្រូវការជំនួយកាន់តែខ្លាំងក្នុងការថែទាំខ្លួន
-ពិបាកក្នុងការដើរ
-ផ្លាស់ប្ដូរអាកប្បកិរិយាខ្លាំង និងឆេវឆាវខ្លាំង

២- តើត្រូវថែទាំអ្នកជំងឺដែលមានបញ្ហានេះយ៉ាងដូចម្ដេច?
ជាការពិតទៅបញ្ហានេះ គឺនៅមិនទាន់មានវិធីព្យាបាលឱ្យជានោះទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺមានតែការថែទាំជួយទំនុកបំរុងអ្នកជំងឺប៉ុណ្ណោះ។ សូមពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យពីវិធីសាស្ត្រដើម្បីជួយអ្នកជំងឺ ព្រោះថាគោលដៅក្នុងការថែទាំអ្នកជំងឺ ចំពោះបញ្ហានេះ គឺមានដូចជា៖
-ការធ្វើរោគវិនិច្ឆ័យឃើញកាន់តែលឿន កាន់តែធ្វើឱ្យការគ្រប់គ្រង និងថែទាំកាន់តែប្រសើរ
-បង្កើនប្រសិទ្ធិភាពសុខុមាលភាពរាងកាយ និងសុខភាពទូទៅ
-ពិនិត្យ និងព្យាបាលជំងឺដែលកើតមកអមជាមួយនឹងបញ្ហានេះ
-ពិនិត្យនិងព្យាបាលបញ្ហារោគសញ្ញាផ្សេងៗលើអាកប្បកិរិយា និងផ្លូវចិត្ត
-ផ្ដល់ព័ត៌មាន និងការថែទាំ រយៈពេលវែងដល់អ្នកជំងឺ

ក៏មានដែរ គន្លឹះសាមញ្ញមួយចំនួនដែលយើងអាចជួយសម្រួលបញ្ហាវង្វេងចំពោះអ្នកជំងឺបានដូចជា៖
-ទុកដាក់វត្ថុដែលគាត់ស្គាល់នៅជុំវិញគាត់ ជាពិសេសគឺរូបថតគ្រួសារ
-សូមកត់ត្រានូវកិច្ចការដែលគាត់ធ្វើ និងរំឭកគាត់ពីការងារប្រចាំថ្ងៃ
-សូមឱ្យគាត់ធ្វើសកម្មភាពធម្មតាៗ កុំស្មុគស្មាញពេក
-សូមនិយាយជាមួយគាត់ឱ្យបានច្រើន ព្យាយាមរំលឹករឿងចាស់ៗ និងរឿងសប្បាយៗ
-សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយបញ្ហាដំណេក និងបញ្ហាអាកប្បកិរិយារបស់អ្នកជំងឺ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម