Connect with us

នៅថ្ងៃទី ០៧ ខែ វិច្ឆិកានេះ ប្រជាជនកម្ពុជា អបអរសាទរ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ (UNESCO)

របាំព្រះរាជទ្រព្យ ជារបាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណីតភាពនៃសម្លៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ។

របាំព្រះរាជទ្រព្យ គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្តព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីតំណាងឱ្យមនុស្សជាតិ របស់អង្គការ UNESCO នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។

របាំព្រះរាជទ្រព្យ ជាឈ្មោះអង់គ្លេសហៅថា Royal Ballet of Cambodia នៅក្នុងដំណើរទស្សនកិច្ចរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ ទៅកាន់សហរដ្ឋអាមេរិក ក្នុងការនាំយក របាំបុរាណខ្មែរ ចូលរួមវប្បធម៌ប្រជាជាតិនៃរបាំ ទំនាក់ទំនង មិត្តភាពខ្មែរ-អាមេរិក ក្នុងទម្រង់ជារបាំបាឡេ The Ballet of Khmer-American Friendship 1959 មួយឆ្នាំក្រោយមកឆ្នាំ១៩៦០ របាំក្បាច់បុរាណខ្មែរ ក៏បន្តទៅសម្ដែងនាប្រទេស ចិន ចូលរួមវប្បធម៌ទំនាក់ទំនង មិត្តភាពខ្មែរ-ចិន ដោយប្រើឈ្មោះដដែលថា The Ballet of Khmer-Chinese Friendship 1960។ នៅក្នុងអំឡុងទសវត្សរ៍ទី៦០ ដដែល ភាពល្បីល្បាញនៃរបាំព្រះរាជទរព្យ កាន់តែរីកសុះសាយទៅកាន់ ពិភពលោក ក៏ដូចជាតំបន់ក្នុងសហគមន៍ទ្វីបអឺរ៉ុប ឬ សហភាពអឺរ៉ុប (European Union) តាមរយៈទ្រង់ នរោត្តម បុប្ផាទេវី ដែលត្រូវជារាជបុត្រីរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ និង ត្រូវជាព្រះអនុជ របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ក្នុងការចូលខ្លួនសម្ដែងជានាដការបាំ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរផងដែរ ។

របាំព្រះរាជទ្រព្យ កាលដើមឡើយមិនមានមនុស្សប្រុសនោះទេ ព្រោះភាពល្វត់ល្វន់ទន់ភ្លន់នៃរបាំ មនុស្សប្រុសមិនអាចរាំដល់កម្រិតរបស់មុស្សស្រីនោះទេ ដែលបុរសរាំមានលក្ខណៈរឹងៗ រហូតមកដល់ជំនាន់ព្រះមហាក្សត្រីយានី កុសមៈ បានប្រែសម្រួលបន្ថែមនូវតួអង្គបុរសមួយចំនួន ដើម្បីបង្កើនអត្ថរស់ ដូចជាបញ្ចូលតួនាយរោង តួយក្ស តួស្វា និង តួព្រះមុនីឥសី៕

ប្រភព៖ ឯកសារយោង “វីគីភីឌា”

កែសម្រួល៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com