Connect with us

ក្លិបហាត់ការ៉ាតេ១ មន្ទីរអប់រំ១ និងសាលាឯកជក២ទៀត ត្រូវបិទជាបន្ទាន់ ក្រោយសង្ស័យមានអ្នកពាក់ព័ន្ធនឹងប្រតិភូដែលមានកូវីដ១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលមានអ្នកពាក់ព័ន្ធនឹងករណីគណៈប្រតិភូនៃប្រទេសហុងគ្រី ដែលមានជំងឺកូវីដ១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សរុបមាន ក្លិបហាត់កីឡាការ៉ាតេដូចំនួន១ មន្ទីរអប់រំ យុវជននិងកីឡាខេត្តចំនួន០១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន០២ទៀត (បន្ទាប់ពីរកឃើញ០៦គ្រឹះស្ថានសិក្សាឯកជន) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រីក្នុងនោះលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានតេស្តវិជ្ជមានកូវីដ១៩នៅប្រទេសថៃ បន្ទាប់ពីចាកចេញពីកម្ពុជា ប៉ុន្តែបច្ចុប្បន្នលោកបានវិលត្រឡប់ទៅប្រទេសហុងគ្រីវិញហើយ។

អ្នកនាំពាក្យខាងលើបន្តថា គ្រឹះស្ថានសិក្សាទាំងឡាយដែលរកឃើញថាមានអ្នកពាក់ព័ន្ធនឹងករណីកូវីដ១៩ ត្រូវផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀន និងបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករយៈពេល ១៤ថ្ងៃ។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស ប្រមាណ ៩០០នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រីដែលមានរដ្ឋមន្ត្រីដែលមានផ្ទុកជំងឺកូវីដ១៩ និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា។

ក្រសួងអប់រំ នៅថ្ងៃសោរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលខាងលើ ផ្អាកបញ្ជូនកូនចៅទៅកាន់សាលារៀនជាបណ្ដោះអាសន្ន ចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម