Connect with us

ប្រាសាទព្រះពិធូរ ជាឈ្មោះរូបនៃប្រាសាទតូចៗដែលបរទេសភាគច្រើនហៅថា ប្រាសាទក្រុមព្រះពិធូរ

សៀមរាប៖ ស្ថិតនៅស្ទើរចំពីមុខប្រាសាទទេពប្រណម ប្រាសាទព្រះពិធូរ គឺជាស្នាដៃកសាងឡើងក្នុងរាជព្រះបាទសូរ្យវរ័ន្មទី២ នៅដើមសតវត្សរ៍ទី១២ ដែលមានប្រាង្គចំនួន ៥ គួរជាទីទាក់ទាញ។
ប្រាង្គទី១ ស្ថិតនៅផ្នែកខាងមុខគេបង្អស់ ដែលមានព្រះពន្លាទ្រដោយសសរនៅខាងមុខ ហើយប្រាង្គនេះស្ថិតនៅលើខឿនខ្ពស់មួយដែលមានជណ្តើរឡើងចុះបែរមុខទៅទិសទាំងបួន។ នៅជុំវិញខាងក្រោមខឿនមានផ្ទាំងថ្មភក់ជាច្រើននៅរាយប៉ាយ ចំណែកផ្នែកខាងលើនៃប្រាង្គមានផ្តែរមួយស្ថិតនៅពីមុខប្រាង្គបែរទៅទិសខាងលិចនៃទ្វារដើរចូលដែលមានចម្លាក់កូរសមុទ្រទឹកដោះ។

ចំណែកឯប្រាង្គទី២ដែលស្ថិតនៅខាងក្រោយប្រាង្គលេខ១ វិញមានទ្វារបើកចំហរនៅទិសទាំងបួន សង់នៅលើខឿនខ្ពស់មួយដែលមានកំពែងព័ទ្ធជុំវិញ នៅលើជញ្ជាំងរបស់ប្រាង្គមានចម្លាក់ក្បាច់ដ៏ស្អាត ជាពិសេសរូបចម្លាក់ឆ្មាំយាមនៅសងខាងបង្អួច និងទ្វារដែលមានរចនាបងស្រដៀងទៅនឹងប្រាសាទបន្ទាយស្រី។ បើក្រឡេកមើលខ្លោងទ្វារខាងលិច ខាងត្បូង និងខាងកើតវិញក៏មានចម្លាក់ផ្តែរលម្អរូបផ្សេងៗជាច្រើនផងដែរ។

សម្រាប់ប្រាង្គលេខ៣វិញ ស្ថិតនៅភាគខាងជើងនៃប្រាង្គទី២ ដោយមានពន្លាមួយនៅចំពីមុខប្រាង្គនៃទិសខាងលិច។ ប្រាង្គមួយនេះមានសភាពទ្រុឌទ្រោមដោយផ្ទាំងថ្មភក់ជាច្រើនបំណែកបានធ្លាក់រាយប៉ាយពាសពេញដី ប៉ុន្តែបើក្រឡេកមើលផ្ទាំងចម្លាក់ពីស្លាបខាងជើងវិញ បានបង្ហាញពីស្តេចយក្សប្រាណៈដៃ១០ ជិះរាជរថធ្វើចម្បាំងជាមួយព្រះក្រិស្ណៈគង់លើបក្សីគ្រុឌ។ ចំណេកឯស្លាបនៃទ្វារខាងត្បូងមានចម្លាក់រឿងស្តីពីព្រះវិស្ណុដៃ៤ ក្នុងទម្រង់ជាអាវតាព្រហ្មតឿឈ្មោះវាមនៈឈានជើងបីជំហានសង្គ្រោះភពទាំង៣ពីការគ្រប់គ្រងរបស់ស្តេចក្រុងពាលី។

ងាកមកមើលពីប្រាង្គលេខ៤ វិញគឺមានព្រះសិវលិង្គមួយដ៏ធំដែលមានកម្ពស់ ៣ ថ្នាក់នៅផ្នែកខាងលើនៃប្រាង្គ។

ចុងក្រោយគឺប្រាង្គលេខ៥ មានទីតាំងស្ថិតនៅខាងក្រោយប្រាង្គលេខ២ និងលេខ៣ ប្រាង្គនេះមានសភាពធំទូលាយ និងមានជណ្តើរឡើងចុះ ២ ថ្នាក់ដែលបានបង្ហាញអំពីលក្ខណៈខុសប្លែក និងគួរឱ្យចាប់អារម្មណ៍ជាងប្រាង្គទាំងបួនឯទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com