Connect with us

ព្យុះថ្មីមួយទៀត ឈ្មោះវ៉ាមកូ នឹងមានឥទ្ធិពលមកលើភាគឦសាន ប្រទេសកម្ពុជា

ភ្នំពេញ៖ ព្យុះដែលមានឈ្មោះ វ៉ាមកូ (VAMCO) ដែលជាព្យុះ ទី២២ កំពុងកើតឡើងនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន ខណៈព្យុះទី២១ ឈ្មោះ អេតូ ( ETAU) បាននិងកំពុងធ្វើបន្តដំណើរឆ្ពោះមកទិសខាងលិច នឹងចូលដល់លើភាគ ខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើតប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពល ជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកានេះ។

យោងតាមការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្យុះ វ៉ាមកូ (VAMCO) នឹងវិវឌ្ឍខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះ នឹងចូលមកដល់លើអាក់កណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។

ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២១-២៣°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C នៅថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដោយនៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម។

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត មានសីតុណ្ហភាពអប្បបរមាពី ២០-២១°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ដោយនៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២ -២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ °C ដោយនៅថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ហើយនៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់ជាបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតមានជាយថាហេតុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com