Connect with us

ប្រទេសថៃ ទទួលបានមូលនិធិពិសេសពីយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីប្រើប្រាស់លើ ប្រព័ន្ធធារាសាស្រ្តសម្រាប់វិស័យកសិកម្ម

ប្រទេសថៃ ៖ ចិននិងថៃ បានចុះអនុស្សារណៈយោគយល់មួយ ដើម្បីសហប្រតិបត្តិការលើគម្រោងធនធានទឹកផ្សេងៗ ដែលស្ថិតក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសថៃ លោក លីយូ ចៀន និង លេខាអចិន្ត្រៃយ៍នៃក្រសួងធនធានទឹកនិងបរិ ស្ថានថៃ លោក វីចាម ស៊ីម៉ាឆៃយ៉ា បានចុះអនុស្សារណៈយោគយល់នេះ។


តាមរយៈអនុស្សារណៈនេះ មូលនិធិពិសេសនៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ នឹងត្រូវប្រើប្រាស់លើប្រព័ន្ធធារាសាស្ត្រសម្រាប់កសិកម្ម នៅក្នុងប្រទេសថៃ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ជូនដល់កសិករនៅមូលដ្ឋាន ។
លោក វីចាម ស៊ីម៉ាឆៃយ៉ា រដ្ឋលេខាអចិន្ត្រៃយ៍នៃក្រសួងធនធានទឹកនិងបរិស្ថានថៃ បាននិយាយថា ក្រោយពីចុះអនុស្សារណៈយោគយល់នេះទៅ ថៃ នឹងចាប់ផ្តើមអនុវត្តកម្មវិធីនេះ ជាពិសេសគឺទៅលើវិស័យដែលមានប្រព័ន្ធអេកូឡូហ្ស៊ី ដែលងាយរងគ្រោះតែម្តង ហើយនិងរួមគ្នាខិតខំអភិវឌ្ឍគុណភាពទឹក និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
សហប្រតិបត្តិការឡានឆាង-មេគង្គ ផ្តោតសំខាន់ទៅលើការងារតភ្ជាប់ទំនាក់ទំនង សមត្ថភាពផ្នែកផលិតកម្ម សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងប្រទេស ការងារគ្រប់គ្រងធនធានទឹក កសិកម្ម និង ការងារកាត់បន្ថយភាពក្រីក្រ ។ ក្រោយពីបានបង្កើតយន្តការនេះឡើង គេបានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន លើការងារគ្រប់គ្រងធនធានទឹក។


តាមរយៈគណកម្មាធិការទន្លេមេគង្គ ប្រទេសចិន បានផ្តល់ព័ត៌មានអំពីទឹកទន្លេនេះជាបន្តបន្ទាប់ ជូនដល់តំបន់ទាំងឡាយដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ នៅអំឡុងរដូវវស្សា អស់រយៈពេល១៦ឆ្នាំមកហើយ ។
បើគិតមកដល់បច្ចុប្បន្ន យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក, មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានទន្លេឡានឆាងមេគង្គ និងមជ្ឈមណ្ឌលសិក្សាទន្លេមេ គង្គសកល ដើម្បីការពារធនធានទឹក និងបរិស្ថាន ។
សូមបញ្ជាកថា ដោយមានប្រភពដើមហូរចេញពីតំបន់ឈីងហាយទីបេ នៅប៉ែកនិរតីប្រទេសចិន ទន្លេនេះមានឈ្មោះថា ឡានឆាង សម្រាប់ផ្នែកដែលស្ថិតនៅក្នុងប្រទេសចិន ។ ចំណែកឯផ្នែកដែលស្ថិតនៅតាមប្រទេសទាំង៥ផ្សេងទៀត ទន្លេនេះ មានឈ្មោះថា ទន្លេមេគង្គ ដោយវាហូរចូលទៅក្នុងសមុទ្រចិនខាងត្បូង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម