Connect with us

សាលារៀន៤កន្លែងត្រូវបានផ្អាកការសិក្សា១៤ថ្ងៃ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា

ព្រះសីហនុ៖ លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ត ព្រះសីហនុ បានឱ្យដឹងថា មកដល់ពេលនេះមាន សាលារៀននៅស្រុកព្រៃនប់ចំនួន៤ឃុំ បានផ្អាកការសិក្សាជាបណ្ដោះអាសន្នចំនួន២សប្តាហ៍ គឺឃុំព្រៃនប់, ឃុំទទួលទទឹង, ឃុំអូរឧកញ៉ាហេង និងឃុំរាម ក្នុងពេលដែលផ្នែកសុខាភិបាលកំពុងធ្វើចត្តាឡីស័ក លើអ្នកដែលបានជួបប្រាស្រ័យផ្ទាល់ជាមួយមន្ត្រី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ដើម្បីបង្ការជំងឺកូវីដ១៩។

មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះបានបញ្ជាក់ថា មានពលរដ្ឋមួយចំនួននៅក្នុងឃុំទាំង៤ ដែលមានការប្រាស្រ័យផ្ទាល់ ជាមួយមន្ត្រីជាប់ពាក់ព័ន្ធ (ព្រឹត្តិការណ៍៣វិច្ឆិកា) ត្រូវបាននាំមកធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដូច្នេះហើយ កំឡុងពេលនេះទើបមានការផ្អាកបណ្តោះអាសន្នការសិក្សាតាមសាលារៀនក្នុងឃុំទាំង៤។

មន្ត្រីអ្នកនាំពាក្យដដែលបានបន្តថា វិធានការនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា។

លោកឃាង ភារម្យ បាននិយាយថា៖ “អ្នកពាក់ព័ន្ធជាមួយ ភូមិអុង ភូមិទួលទទឹង ភូមិជំពូខ្មៅ មានវត្តមានមន្រ្តីដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានចុះទៅធ្វើការដោះស្រាយទំនាស់ជូនបងប្អូន នៅក្នុងភូមិទាំងបីនេះ បានធ្វើតេស្តលើកទីមួយមានលទ្ធផល អវិជ្ជមាន តែកំពុងធ្វើចត្តាឡីស័ក កំពុងធ្វើតេស្តលើកទី២ មិនទាន់ទទួលបានលទ្ធផលនៅឡើយទេ តែដោយសារវត្តមានរបស់គាត់បានចុះទៅដល់ភូមិទាំង៣នេះ ដូច្នេះ ហើយបានជានៅទីនេះ ចាំបាច់ត្រូវមានការរៀបចំការគ្រប់គ្រង ចំពោះបងប្អូន ដែលពាក់ព័ន្ធ, ប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយវត្តមានជាក់ស្តែងរបស់គាត់”។ លោកបន្តថា៖ “សូមឲ្យបងប្អូនប្រជាលពលរដ្ឋរបស់យើង ចូលរួមសហការអនុវត្តនូវវិធានការ ចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល”។

សូមជម្រាបថា ករណីប្រជាពលរដ្ឋបានជួបប្រាស្រ័យ ជាមួយមន្រ្តីដែលបានចូលរួមក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកន្លងមក មាន ចំនួន២២០នាក់ ក្នុងនោះមាន១៦នាក់ជួបផ្ទាល់ និងជួបដោយប្រយោល ២០៤នាក់ក្នុងនោះបានយកសំណាកចំនួន៣៨នាក់ ៕

អត្ថបទ៖ ប៉ៃ សុឃីម

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម