Connect with us

តោះមកមើលផែនការចំនួន៥ ដែលប្រទេសចិនដាក់ចេញ ដើម្បីធ្វើការស្តារទីជនបទ អោយមានការអភិវឌ្ឍន៍រីកចម្រើន

ប្រទេសចិន ៖ ប្រទេសចិន នឹងវិនិយោគប្រាក់កាន់តែច្រើនតាមមធ្យោបាយចំរុះប្រភេទ ដើម្បីស្តារទីជនបទឡើងវិញ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទចិន លោក ហាន ចាងហ្វ៊ូ (Han Changfu) ។
លោករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះនៅក្នុងអង្គប្រជុំមួយស្តីអំពីផែនការប្រាំឆ្នាំថ្នាក់ជាតិ សម្រាប់ការងារស្តារទីជនបទរយៈពេលវែង ។ ផែនការប្រាំឆ្នាំនេះ ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ក្នុងទីក្រុងប៉េកាំង ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំនុចសំខាន់ៗចំនួន៥ ពាក់ព័ន្ធនឹងការងារស្ដារទីជនបទឡើងវិញ ។ ចំនុចទីមួយ គឺត្រូវជំរុញដល់ការអភិវឌ្ឍដែលមានលក្ខណៈរួបរួមគ្នា រវាងវិស័យឧស្សាហកម្មកម្រិតមួយ កម្រិតពីរ និងកម្រិតបី ។ ចំនុចទីពីរ គឺត្រូវបណ្តុះធនធានមនុស្សដែលជាកសិករអាជីពប្រភេទថ្មីមួយ។ ចំនុចទីបី គឺត្រូវស្នង ថែរក្សា និងបន្តអនុវត្តវប្បធម៌កសិកម្មបែបបុរាណ ។ ទីបួន គឺត្រូវបង្កើនគុណភាពនៃបរិយាកាសរស់នៅរបស់កសិករ ។ ហើយចំនុចទីប្រាំ គឺត្រូវលើកស្ទួយឱ្យមានការងារធ្វើនិងសហគ្រិនភាព នៅតាមទីជនបទ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំនូលកើនឡើងជាបន្តបន្ទាប់។

លោក ហាន ចាងហ្វ៊ូ បាននិយាយថា បើសិនជាពិនិត្យមើលការងារកសាង និងស្ដារទីជនបទឡើងវិញ ឱ្យដល់ជម្រៅរបស់វាតែម្តងនោះ យើងនឹងឃើញថា កិច្ចការនេះ អាចសម្រេចទៅបាន លុះត្រាតែមានប្រាក់វិនិយោគ ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងទៅនេះ មានការខ្វះខាតថវិកាច្រើនណាស់ សម្រាប់វិស័យកសិកម្ម និង ការងារកសាងទីជនបទ ។

បើតាមការគណនា គេរកឃើញថា ដើមទុនដែលគេបានវិនិយោគនៅទីជនបទបច្ចុប្បន្ន គឺនៅមិនទាន់គ្រប់គ្រាន់ សម្រាប់យកទៅអនុវត្តការងារអភិវឌ្ឍបរិយាកាសនៅតាមទីជនបទនោះទេ ។ ការងារអភិវឌ្ឍនេះ រួមមានដូចជា ការងារកែលម្អរបន្ទប់ទឹក ប្រមូលសំរាមនិងគ្រប់គ្រងប្រព័ន្ធលូជាដើម។ ដើម្បីសម្រេចកិច្ចការទាំងនេះ បាន ប្រទេសចិនត្រូវការបង្កើតប្រព័ន្ធវិនិយោគដែលមានលក្ខណៈចំរុះមួយ ជាចាំបាច់។

លោក ហាន ចាងហ្វ៊ូ បានជំរុញអោយពន្លឿនការងារបង្កើតប្រព័ន្ធវិនិយោគចំរុះមួយ ដែលមានជំនួយគាំទ្រជាអាទិភាពពីវិស័យរតនាគារនិងហិរញ្ញវត្ថុ។ វិស័យឯកជន ក៏ត្រូវចូលរួមយ៉ាងសកម្មដូចគ្នា លើការងារស្ដារទីជនបទនេះ ។ លោក ក៏លើកទឹកចិត្តដល់ភាគី អនុវត្តការងារសំខាន់ៗ និងធ្វើឱ្យទីផ្សារមានសកម្មភាព ដើម្បីអាចស្ដារសេដ្ឋកិច្ចនិងសង្គមនៅតាមទីជនបទ ឱ្យមាននិរន្តរភាពនិងភាពរឹងមាំបាន ។

បច្ចុប្បន្ន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទចិន បានសហការជាមួយក្រុមហ៊ុន ស៊ីធិច (CITIC) និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីជំរុញដល់ការងារស្ដារទីជនបទ និង ដើមទុនផ្នែក សង្គម។

ថ្មីៗនេះ គណៈកម្មការមជ្ឈឹមបក្សកុម្មុនិស្ត៍ចិន និង រដ្ឋាភិបាលចិន បានចេញផ្សាយផែនការរយៈពេលប្រាំឆ្នាំរបស់ខ្លួន សម្រាប់ការងារស្ដារទីជនបទរយៈពេលវែង ដែលជាផែនការដំបូងគេបង្អស់មិនធ្លាប់មាននាពេលកន្លងមក។ ផែនការនេះ មានគម្រោង កម្មវិធី និងសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវអនុវត្ត។

ផែនការនេះ មានរៀបរាប់អំពីកិច្ចការសំខាន់ៗ ដែលត្រូវធ្វើពីចន្លោះឆ្នាំ២០១៨ ដល់ ២០២២ ដើម្បីឈានទៅសម្រេចគោលដៅជារួម ដែលចង់កសាងទីជនបទឱ្យមានលំហូរអាជីវកម្មដ៏រីកចម្រើន និង មានបរិយាកាសរស់នៅដ៏ល្អ មានសហគមន៍ដែលប្រកបដោយសីលធម៌ និងភាពស៊ីវីល័យ មានអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានភាពរុងរឿងផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម