Connect with us

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើតជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាជំងឺឧស្សាហ៍ជួបប្រទះ និងកើតមានផងដែរ ហើយការបង្ការជំងឺនេះគឺសំខាន់ណាស់ជាពិសេសសម្រាប់អ្នកងាយប្រឈមនឹងជំងឺនេះតែម្ដង។ អ្នកងាយប្រឈមមានអ្នកដែលលើសទម្ងន់ មានសមាជិកគ្រួសារដែលមានជំងឺនេះ ឬមានរោគសញ្ញាបម្រុងទឹកនោមផ្អែម។ យ៉ាងណាមិញយើងអាចធ្វើការបង្ការជំងឺទឹកនោមផ្អែមប្រភេទ២បានតាមរយៈវិធីមួយចំនួននេះ។

១. ហាត់ប្រាណ

ការហាត់ប្រាណជាប្រចាំមានប្រយោជន៍ច្រើនដូចជាជួយសម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម និងបង្កើនការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា (Insulin Sensitive)។ យើងអាចធ្វើលំហាត់ប្រាណបែប Aerobic exercise ដូចជាការដើរ រាំ ហែលទឹក និងជិះកង់ជាដើម។

២. ញ៉ាំជាតិសរសៃឱ្យបានច្រើន

ជាតិសរសៃអាចជួយបន្ថយហានិភ័យជំងឺទឹកនោមផ្អែមបានដោយបង្កើតការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យជំងឺបេះដូងដែរ។ អាហារដែលសម្បូរជាតិសរសៃរួមមានផ្លែឈើ បន្លែ គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ (nuts)។

៣. បញ្ចុះទម្ងន់ដែលលើស

ប្រសិនជាយើងលើសទម្ងន់ ការបង្ការតម្រូវឱ្យមានការបញ្ចុះទម្ងន់។ ការសិក្សាធំមួយបានរកឃើញថាអ្នកចូលរួមដែលបានបញ្ចុះទម្ងន់ប្រហែល៧%នៃទម្ងន់រាងកាយទាំងអស់ និងហាត់ប្រាណជាប្រចាំកាត់បន្ថយហានិភ័យការវិវត្តជំងឺទឹកនោមផ្អែមរហូតដល់៦០%។ ចង់ដឹងថាគ្នាយើងលើសទម្ងន់ ឬយ៉ាងណាអាចគណនាតាមBMI។

៤. របបអាហារ

របបអាហារប្រចាំថ្ងៃគួរមានបរិមាណតិច និងមានបរិមាណខ្លាញ់ និងស្ករតិចដែរ។ យើងគួរញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែឱ្យបានច្រើន ហើយកំណត់បរិមាណពពួកសាច់ក្រហម និងចៀសវាងអាហារកែច្នៃ។ ក្រៅពីអាហារ យើងក៏គួរយកចិត្តទុកដាក់ទៅលើភេសជ្ជៈដូចគ្នា ភេសជ្ជៈមានជាតិផ្អែមដូចជាទឹកក្រូច ទឹកផ្លែឈើ ឬភេសជ្ជៈកីឡាគួរកំណត់បរិមាណញ៉ាំឱ្យបានត្រឹមត្រូវ ភេសជ្ជៈដែលល្អបំផុតគឺទឹកធម្មតា។

៥. ឈប់ជក់បារី

បើគ្នាយើងជាអ្នកជក់បារី គួរពិចារណាឈប់ទៅបើមិនចង់ឱ្យអ្វីៗហួសពេល។ ការជក់បារីអាចបង្កឱ្យអាំងស៊ុយលីនមិនអាចដំណើរការដឹកជាតិស្ករចូលក្នុងកោសិកាបានល្អដែលបញ្ហានេះអាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ ដូចនេះសម្រាប់អ្នកជក់បារីគួរផ្ដាច់បារីដើម្បីសុខភាព និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com