Connect with us

ថៃ ផ្ដល់ការអនុញ្ញាតស្នាក់នៅសម្រាប់ពលករកម្ពុជា បន្ថែមរយៈពេល២ឆ្នាំ

ថៃ៖ ពលករកម្ពុជា ក៏ដូចជា ពលករមីយ៉ាន់ម៉ា និងពលករឡាវ ដែលផុតសុពលភាពស្នាក់នៅនៅដំណាច់ឆ្នាំក្រោយ ត្រូវបានរដ្ឋាភិបាលថៃ ផ្ដល់ការអនុញ្ញាតឱ្យបន្តស្នាក់នៅនិងបំពេញការងារ នៅក្នុងប្រទេសថៃ រយៈពេល ២ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី រ៉ាចាដា ឌីណាឌីរ៉េក (Rachada Dhnadirek) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងថា ការអនុញ្ញាតសម្រាប់ពលករបរទេសដែលបានចុះបញ្ជីស្របច្បាប់ដើម្បីស្នាក់នៅបន្តរយៈពេល២ឆ្នាំនេះ ត្រូវបានយល់ព្រមដោយគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ម្សិលមិញ។

ការសម្រេចនេះ នឹងផ្ដល់អត្ថប្រយោជន៍ជួយដល់ពលករបរទេសប្រមាណ ១៣ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅទូទាំងប្រទេសថៃ។ ដោយការសម្រេចនេះ ក៏ជាលទ្ធផលចេញពីកិច្ចព្រមព្រៀងទ្វេភាគីរវាងក្រសួងការងារនៃប្រទេសថៃ និងក្រសួងការងារប្រទេស កម្ពុជា មីយ៉ាន់ម៉ា និង ឡាវ។

បញ្ហាកូវីដ១៩ បានជំរុញឱ្យរដ្ឋាភិបាលថៃ ធ្វើការលើកលែងចំពោះការស្នាក់នៅរបស់ពលករបរទេស។ មួយវិញទៀត កត្តាកង្វះកម្លាំងពលកម្ម នៅក្នុងប្រទេសថៃ បង្ខំឱ្យរដ្ឋាភិបាលថៃ ត្រូវតែផ្ដល់ការបន្តស្នាក់នៅសម្រាប់ពលករបរទេស។

ពលករដែលផុតសុពលភាពស្នាក់នៅនៅចុងខែធ្នូ ឆ្នាំ២០២១ នឹងអាចបន្តស្នាក់នៅរយៈពេល២ឆ្នាំ ដល់ឆ្នាំ២០២៣៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម