Connect with us

ឆ្នេរអង្កោល នឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប

កែប៖ ឆ្នេរអង្កោល គឺជាឆ្នេរទី២របស់ខេត្តកែប ដែលមានប្រវែងជិត ៣ពាន់ម៉ែត្រ មានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាឆ្នេរដែលមានវែងជាងគេ បើធៀបជាមួយឆ្នេរកែប ដែលភ្ញៀវទេសចរតែងមកលេងរាល់ថ្ងៃ មានប្រវែងត្រឹមតែជាង ៤០០ម៉ែត្រតែប៉ុណ្ណោះ។ ឆ្នេរនេះគឺជាឆ្នេរយុទ្ធសាស្រ្តមួយ របស់រដ្ឋបាលខេត្តកែប ដែលនឹងអភិវឌ្ឍទីនេះទៅជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយដាក់ទៅជាឆ្នេរសាធារណៈ សម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្តដោយសេរី។

ទាំងទីតាំងភូមិសាស្រ្ត ទាំងសក្តានុពលពោលគឺឆ្នេរអង្កោលមានសព្វយ៉ាង ដើមដូងរាប់រយដើម ដែលអ្នកភូមិបានដាំ បានឈរត្រៀមត្រាជាជួរមានកម្ពស់ខ្ពស់សន្លឹម ដែលជួយបង្កើនសម្រស់នៅប្របមាត់ឆ្នេរ។ ចំណែកខ្សាច់នៃឆ្នេរនេះ គឺជាខ្សាច់ធម្មជាតិ មានពណ៌ត្នោត គួបផ្សំជាមួយទឹកសមុទ្រមានពណ៌ថ្លា បានធ្វើឱ្យឆ្នេរនេះប្រៀបបីដូចជាកូនក្រមុំកំពុងឡើងខ្លួន ដែលគ្រាន់តែ សម្អិតសម្អាងបន្តិចយើងនឹងអាចមើលឃើញពីសម្រស់ដ៏ស្រស់ត្រកាលជាក់ជាមិនខាន។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រាប់យ៉ាងដូច្នេះថា ឆ្នេរអង្កោល គឺជាឆ្នេរសក្តានុពលមួយ ហើយក៏ជាឆ្នេរយុទ្ធសាស្រ្តមួយស្ថិតក្នុងផែនការមេរបស់ថ្នាក់ខេត្ត ក្នុងគម្រោងអភិវឌ្ឍន៍បន្ថែមនូវតំបន់អេកូទេសចរណ៍ របស់ខេត្តកែប តែសព្វថ្ងៃឆ្នេរនេះ នៅជួបបញ្ហាចម្បងមួយដែលយើងកំពុងរកវិធីដោះស្រាយ គឺការពង្រាយដោយស្មៅសមុទ្រ ដែលមកទើរលើមាត់ឆ្នេរនេះ ធ្វើឱ្យបរិស្ថានទីនោះមើលទៅមិនទាន់មានភាពរៀបរយនៅឡើយ។

គួរបញ្ជាក់ថា ក្រៅពីអភិវឌ្ឍន៍ឆ្នេរអង្កោលឱ្យក្លាយទៅជាឆ្នេរកម្សាន្តសាធារណៈ រដ្ឋបាលខេត្តកែប ក៏កំពុងដាក់កោះទន្សាយទៅជាកោះដែលត្រូវអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ក្រោមសមុទ្រផងដែរ ដោយនឹងរៀបចំឱ្យមានការចុះមុជទឹកមើល ផ្កាថ្ម មើលជីវចម្រុះក្រោមសមុទ្រជាដើម។ ទីតាំងទាំងពីរនេះ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីគ្នានោះឡើយ បើយើងធ្វើដំណើរតាមរយៈទូកអ្នកនេសាទ ប្រើពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ យើងនឹងអាចទៅដល់ជាក់ជាមិនខាន៕

អត្ថបទ៖ ង៉ុង សាន់

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com