Connect with us

ថៃ បារម្ភពីរលកថ្មីនៃកូវីដ១៩ ដែលអាចឆ្លងលើទាហានដែលបានចូលរួមសមយុទ្ធ ពស់វែកមាស

បាងកក៖ យ៉ាងហោចណាស់ទាហានថៃ ប្រមាណ ១៧០នាក់ ត្រូវបានក្រសួងសុខាភិបាលនៃប្រទេសនេះ តម្រូវឱ្យដាក់នៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ បន្ទាប់ពីពួកគេ បានចូលរួមនៅក្នុងសមយុទ្ធប្រចាំឆ្នាំ “ពស់វែកមាស” ដែលមានទាហានម្នាក់ មានរកឃើញផ្ទុកជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ទាហានកូរ៉េខាងត្បូងម្នាក់ បានធ្វើតេស្តទទួលលទ្ធផល វិជ្ជមានកូវីដ១៩ បន្ទាប់ពីខ្លួនបានវិលត្រឡប់ទៅដល់កូរ៉េខាងត្បូងវិញ ក្រោយពីចូលរួមសមយុទ្ធ ពស់វែកមាស នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ ០៦ ខែវិច្ឆិកា កន្លងទៅ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានបញ្ជាក់ថា មនុស្សប្រហែល ២៣៥នាក់ អាចនឹងប៉ះពាល់ជិតស្និទ្ធជាមួយនឹងទាហានដែលផ្ទុកកូវីដ១៩នោះ ក្នុងនោះ មានជនជាតិថៃ ២១០នាក់។ យ៉ាងណាមិញ វត្ថុសំណាកដែលបានធ្វើតេស្តបង្ហាញថា ជនជាតិថៃ ១៦៣នាក់ក្នុងចំណោម ២១០នាក់ ទទួលលទ្ធផលអវិជ្ជមាន ហើយ ៣១នាក់កំពុងរង់ចាំលទ្ធផល និង ១៦នាក់ រង់ចាំការយកវត្ថុសំណាកទៅធ្វើតេស្តជាបន្ត។

មន្ត្រីដែលចូលរួមសមយុទ្ធខាងលើ មានប្រមាណ ២០២នាក់ ដែលប៉ះពាល់ជាមួយទាហានកូរ៉េខាងត្បូង ដែលកើតកូវីដ១៩ ក្នុងនោះក៏មានមន្ត្រីប៉ូលិសចំនួន ៥នាក់ មន្ត្រីការទូតអាមេរិកចំនួន ២នាក់ និងបុគ្គលិកសណ្ឋាគារចំនួន ១៤នាក់ ផងដែរ។ នាយកដ្ឋានរបស់ថៃ បានកត់សម្គាល់ថា មនុស្ស ៣៣នាក់ផ្សេងទៀត អាចមានហានិភ័យខ្ពស់ បន្ទាប់ពីប៉ះពាល់ជិតស្និទ្ធជាមួយទាហានរូបនោះ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានបញ្ជាក់ថា ទាហានកូរ៉េខាងត្បូងដដែល បានធ្វើតេស្តទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ និងមិនមានបង្ហាញរោគសញ្ញាណាមួយឡើយ មុនពេលចាកចេញពីប្រទេសថៃ។ ទាហាននេះ បានទៅដល់ថៃ កាលពីថ្ងៃទី១៧ ខែតុលា និងតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ មុននឹងត្រៀមចូលរួមសមយុទ្ធពស់វែកមាស ពីថ្ងៃទី២-៦ ខែវិច្ឆិកា។

សូមជម្រាបថា សមយុទ្ធពស់វែកមាស មានការចូលរួមពីយោធា របស់ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី អូស្ត្រាលី សិង្ហបុរី ចិន និង ឥណ្ឌា។

ប្រទេសថៃ បានរកឃើញអ្នកកើតកូវីដ១៩ សរុប ៣៨៥២នាក់ ក្នុងនោះ ជាសះស្បើយ ៣៦៩៣នាក់ និង ៩៩នាក់ កំពុងសម្រាកព្យាបាល គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ឯអ្នកស្លាប់ដោយជំងឺនេះ មានចំនួន ៦០នាក់៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម