Connect with us

ព្យុះកំណាច វ៉ាមកូ ឆក់យកជីវិតមនុស្សយ៉ាងតិច៣៩នាក់ នៅហ្វីលីពីន និងបន្តបក់បោកចូលទៅវៀតណាម

ហ្វីលីពីន៖ ព្យុះទីហ្វុង វ៉ាមកូ (VAMCO) ដែលជាព្យុះទី២១ប្រចាំឆ្នាំ និងជាព្យុះកំណាចបំផុតដែលបានបក់បោកទៅលើប្រទេសហ្វីលីពីននៅឆ្នាំ២០២០នេះ បានវាយប្រហារទៅលើកោះលូហ្សូន (Luzon) កាលពីថ្ងៃពុធ និងដើមថ្ងៃព្រហស្បតិ៍ បានឆក់យកជីវិតប្រជាជនយ៉ាងហោចណាស់ ៣៩នាក់ នៅប្រទេសហ្វីលីពីន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមអ្នករុករក បានរកឃើញសពមនុស្ស ៣៩នាក់ ខណៈមនុស្ស ២២នាក់ទៀត កំពុងបាត់ខ្លួន។ ព្យុះដ៏កំណាចនេះ បានបក់បោកទៅលើហ្វីលីពីន ដែលទើបតែងើបពីព្យុះទី២០ ឈ្មោះ ហ្គូនី (Goni) ដែលបានសម្លាប់មនុស្ស ២៥នាក់ កាលពីដើមខែវិច្ឆិកានេះ។

ផ្ទះរាប់ពាន់ខ្នង បានជន់លិចដោយជំនន់ទឹកភ្លៀង នៅទីក្រុងម៉ារីគីណា (Marikina) ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារព្យុះវ៉ាមកូ។ នៅថ្ងៃសុក្រនេះ ទឹកបានចាប់ផ្ដើមស្រកវិញជាបណ្ដើរៗហើយ ខណៈប្រជាជនខ្លះ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

នៅទីក្រុងម៉ានីល មនុស្សប្រហែល ៦០០០នាក់ បានជម្លៀសទៅទីទួលមានសុវត្ថិភាព។ ទោះជាយ៉ាងណា ទឹកបានស្រកចុះហើយ ដែលអាជ្ញាធរអាចចាប់ផ្ដើមសម្អាតទីក្រុងដែលពោរពេញដោយបំណែកថ្ម និងដីភក់។

ផ្ទះប្រហែល ៥០ម៉ឺនខ្នង មិនមានអគ្គិសនីប្រើប្រាស់ឡើយ ខណៈការងាររដ្ឋបាលត្រូវបានផ្អាកនៅកោះលូហ្សូន ដែលមានប្រជាជនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប ១០៨លាននាក់ នៅហ្វីលីពីន។

ព្យុះវ៉ាមកូ កំពុងបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាម និងអាចបង្កការរអិលបាក់ដី នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានឱ្យដឹងថា ព្យុះវ៉ាមកូ នឹងថមថយឥទ្ធិពលមកជាសម្ពាធទាប ទៅលើភាគឦសានប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម