Connect with us

អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត ត្រូវបានចាប់ខ្លួនទាក់ទងនឹងការបរិហារកេរ្តិ៍

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានស្ទាក់ឃាត់រថយន្តម៉ាក Jeep មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BI-3889 ដេីម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន កម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឱ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

ជនត្រូវចោទរូបនោះ ត្រូវបានតុលាការបង្គាប់ឱ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួនបានដោយសារបញ្ហាសុខភាព (ផ្តាសាយធំ) ប៉ុន្តែធាតុពិតជនត្រូវចោទរូបនោះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។

ព័ត៌មានបឋម បានឱ្យ ដឹងថា ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម