Connect with us

ក្រុម U19 កម្ពុជា រំសាយការហ្វឹកហាត់ជាបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ៖ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំនេះ បានសម្រាកការហ្វឹកហាត់ប្រចាំសប្តាហ៍ និងត្រូវបានរំសាយការហ្វឹកហាត់ប្រមូលផ្តុំ នៅពហុកីឡដ្ឋានជាតិ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ប៉ុន្តែក្រុមការងារ និងគ្រូបង្គោលជាជនជាតិជប៉ុន លោក Koji Gyotoku នឹងបន្តតាមដានការហ្វឹកហាត់របស់ក្រុមយុវជនទាំងអស់ ដែលអនុញ្ញាតឱ្យទៅបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អ លំដាប់ទី៥ ក្រោយប្រកួតនៅវគ្គជម្រុះ AFC U-19 Championship ឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូល G ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិកាលពីឆ្នាំ២០១៩។ ការប្រកួតជុំផ្តាច់ព្រ័ត្រ AFC U-19 Championship ដែលប្រទេសអ៊ូសបេគីស្ថានទទួលធ្វើម្ចាស់ម្ចាស់នេះ តាមពិតគ្រោងនឹងប្រកួត នាខែតុលា ឆ្នាំ២០២០ ប៉ុន្តែពេលនេះបន្តពន្យារពេលរហូតដល់ខែមីនា ឆ្នាំ២០២១វិញ ដោយសារតែជំងឺកូវីដ-១៩។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានចាប់ឆ្នោតស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះ អ៊ូបេគីស្ថាន និង ឥណ្ឌូណេស៊ី ព្រមទាំង អ៊ីរ៉ង់ ផងដែរ។ ព្រឹត្តិការណ៍នេះ ចែកជា ៤ពូល ក្នុងនោះ៖

ពូល B មាន៖ កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ាក់ និង បារ៉ែន
ពូល C មាន អារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី វៀតណាម និង ឡាវ
ពូល D មាន កាតា តាជីគីស្ថាន ម៉ាឡេស៊ី និង យេមែន ។

កម្មវិធីប្រកួតពានរង្វាន់ AFC U-19 Championship នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ ២០ ខែមីនា ឆ្នាំ២០២១៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម