Connect with us

អីយ៉ា! តារា ៤ក្រុមត្រៀមខ្លួនធ្វើជាម្ចាស់ពានរង្វាន់កម្មវិធី “សង្វៀនម្ហូប” រដូវកាលទី១

ឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញពីសំណាក់តារាសម្តែង និង តារាចម្រៀងអស់ជាច្រើនសប្តាហ៍មក នៅពេលនេះ កម្មវិធីសង្វៀនម្ហូប បានរកឃើញក្រុមឆ្នើមចំនួន៤ក្រុម ដែលត្រៀមខ្លួនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកទឹកប្រាក់២០លានរៀល និង ពានរង្វាន់សង្វៀនម្ហូបរដូវកាលទី១។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ កម្មវិធីប្រកួតប្រជែងចម្អិនម្ហូបខ្មែរ ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា នោះគឺកម្មវិធី “សង្វៀនម្ហូប” នឹងឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះ តារាចម្រៀង និង តារាសម្តែងចំនួន៤ក្រុម នឹងមានវត្តមានប្រកួតប្រជែង បន្ទាប់ពីពួកគេ បានឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញអស់ជាច្រើនសប្តាហ៍។ តារាទាំង៤ក្រុមនោះមានដូចជា៖

ក្រុមទី១៖ កញ្ញា យ៉េយ៉េ និង កញ្ញា Pancake

ក្រុមទី២៖ លោក ចន ច័ន្ទដារ៉ា និង កញ្ញា ពៅ លីដា

ក្រុមទី៣៖ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង កញ្ញា រឿនណាត

ក្រុមទី៤៖ លោក ធាន និង អ្នកនាង ឡោម លក្ខិណា

ផលិតករកម្មវិធី “សង្វៀនម្ហូប” អ្នកនាងយុគ ចិន្តា បានលើកឡើងថា ក្រៅពីការបង្ហាញសម្ថតភាពចម្អិនរបស់តារាល្បីៗ ដែលជា Idol របស់មហាជន កម្មវិធីនេះ មានទិសដៅសំខាន់ក្នុងការគាស់កកាយនូវរបៀបចម្អិនម្ហូបរបស់ខ្មែរ ដែលជាប្រពៃណី និង វប្បធម៌ដែលមានតាំងពីយូរលង់ណាស់មកហើយ ឱ្យអ្នកទស្សនាបានស្គាល់។ ក្នុងនោះ កម្មវិធី បានស្រាវជ្រាវម្ហូបខ្មែរនៅតាមតំបន់នានា យកមកធ្វើជាវិញ្ញាសាសម្រាប់ការប្រកួត។

ជាការកត់សម្គាល់តារា និង អ្នកទស្សនាមួយចំនួន បានស្គាល់ពីឈ្មោះមុខម្ហូប ប៉ុន្តែមិនទាន់យល់ច្បាស់ពីរបៀបនៃការចម្អិន។ ក្រៅពីនេះកម្មវិធី “សង្វៀនម្ហូប” ក៏ជាស្ពានតភ្ជាប់រវាងភ្ញៀវអន្តរជាតិ និងប្រពៃណីម្ហូបខ្មែរ ដែលជាផ្នែកមួយជួយដល់វិស័យទេសចរណ៍ ព្រោះថា វិស័យម្ហូបអាហារ គឺដើរទន្ទឹមគ្នានឹងវិស័យទេសចរណ៍។

សូមរំឭកឡើងវិញថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “សង្វៀនម្ហូប” នឹងធ្វើឡើងថ្ងៃទី១៩ ខែវិច្ឆិកា ដោយមានការចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ CTN វេលាម៉ោង ៨នាទីយប់។ ក្នុងចំណោមតារាទាំង៤ក្រុម គឺមានតែមួយក្រុមប៉ុណ្ណោះ ដែលនឹងក្លាយទៅជាម្ចាស់ទឹកប្រាក់២០លានរៀល ម្ចាស់មេដាយមាស និង ពានរង្វាន់កម្មវិធី “សង្វៀនម្ហូប” រដូវកាលទី១៕

ដោយ៖ រៀម ចំរើន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម