Connect with us

រដ្ឋាភិបាលរស្ស៊ី អះអាងថា នឹងប្រើបំណុលចាស់ដែលកម្ពុជាជំពាក់ ៤៥០លានដុល្លារ ទៅជាការវិនិយោគ និងសន្យាផ្តល់ជំនួយថ្មីចាប់ពីឆ្នាំ២០១៩

ប៊ែលហ្ស៊ិក ៖ លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្សី បានអះអាងថា ចាប់ពីឆ្នាំ២០១៩ ប្រទេសរុស្ស៊ី នឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ខណៈដែលបំណុលចាស់ដែលកម្ពុជាជំពាក់ នឹងត្រូវប្រើសម្រាប់វិនិយោគនៅកម្ពុជា ។
ការអះអាងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក ជាទីដែលមេដឹកនាំទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២។


ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាច្រើនលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ នាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានជំរាបជូនសម្តេចតេជោ ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែររុស្សីហើយនោះ រុស្សី ក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមានអ្នកទេសចរណ៍រុស្សីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីកម្ពុជា។


សម្តេចតេជោ បានសម្តែងការអរគុណចំពោះរុស្សី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែររុស្សី ។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែររុស្សី គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។
ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានសន្យាថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើន រួមទាំង វិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ដើម្បីឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត ។


សូមបញ្ជាក់ថា កម្ពុជា បានជំពាក់រុស្ស៊ីប្រមាណ ១,៥០០លានដុល្លារអាមេរិក កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ។ បំណុលនេះ រុស្ស៊ីបានយល់ព្រមលុបចោល ៧០% ហើយ នៅសល់ត្រឹមតែ ៣០%ប៉ុណ្ណោះ ដែលមានន័យថា បំណុលដែលនៅសល់នេះ មានទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម