Connect with us

តើសូចនាករអ្វីខ្លះ ដែលអ្នកជំនាញជលផលជាតិ និង អន្តរជាតិ បានឯកភាពគ្នា ដើម្បីធ្វើអោយមាននិរន្តរភាពធនធានត្រីទឹកសាបនៅកម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ថ្ងៃ មន្រ្តីជលផល និងបរិស្ថានជាតិ និងអ្នក ជំនាញអន្តរជាតិ ដោយបានឯកភាពគ្នា លើសូចនាករសំខាន់ៗចំនួន ៤ ដែលនឹងធ្វើឲ្យមាននិរន្តរភាពធនធានត្រីទឹកសាបនៅកម្ពុជា។ សូចនាករសំខាន់ៗចំនួន ៤ចំណុច រួមមាន ៖

  • ការរៀបចំផ្លូវបំផ្លាស់ទីរបស់ត្រី (Swimways) ឲ្យបានសមស្រប នៅពេលមានការអភិវឌ្ឍទំនប់វារីអគ្គិសនីតាមដងទន្លេ ព្រោះត្រីត្រូវការហែលទឹកបំផ្លាស់ទី។
  • ពង្រឹងនិងបង្កើនការអនុវត្តន៍ច្បាប់ទប់ស្កាត់បទល្មើសជលផល និងធនធានធម្មជាតិ ធ្វើយ៉ាងណាលុបបំបាត់ ការចាប់ត្រីដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលរួមមាន លូឬអួនស្បៃមុង ឧបករណ៍ឆក់ និងថ្នាំបំពុលជាដើម។
  • បង្កើតតំបន់ការពារនិងអភិរក្សធនធានជលផល និងពង្រីកការងារអភិវឌ្ឍន៍វារីវប្បកម្ម ដោយត្រូវរៀបចំពិនិត្យអំពីទីតាំងអន្លង់ត្រី និងតំបន់ព្រៃលិចទឹកសំខាន់ៗ ដើម្បីដាក់ជាតំបន់ដែនអភិរក្សធនធានជលផល និង ជំរុញការបណ្ដុះបណ្ដាល លើកទឹកចិត្តដល់សហគមន៍ប្រជានេសាទ ឲ្យចូលរួមការពារនិងអភិរក្សត្រីពូជ ដោយបង្កើតក្រុមល្បាតដើម្បីចុះល្បាតក្នុងតំបន់ដែនអភិរក្សធនធានជលផល និងផ្ដល់នូវបច្ចេកទេស នៃការចិញ្ចឹមត្រី ដល់ប្រជាសហគមន៍នេសាទ ដើម្បីពង្រីកវារីវប្បកម្ម សម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ប្រជាជន។
  • លើសពីនេះ ត្រូវបង្កើនការត្រួតពិនិត្យតាមដាននូវការបម្រែបម្រួលផលស្តុក ដោយបង្កើតនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង និង មធ្យម ១០ឆ្នាំ និង ៥ឆ្នាំម្ដង។

ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សធនធានជលផល នៃរដ្ឋបាលជលផលកម្ពុជា បានថ្លែងថា សូចនាករទាំងនេះ គឺជាផ្នែកមួយ ដែលអាចជួយឲ្យអ្នកធ្វើការសម្រេចចិត្តក្នុងក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានជលផលយកទៅអនុវត្តន៍ ដើម្បីធ្វើឲ្យធនធានត្រីទឹកសាបនៅកម្ពុជា ពិសេសប្រភេទត្រីបំផ្លាស់ទី ដោយកម្រ និង ជិតផុតពូជនៅក្នុងប្រទេសនេះ នឹងបន្តនៅមានស្ថិរភាពដល់ថ្ងៃអនាគតដ៏វែងឆ្ងាយខាងមុខទៀត។


ជាមួយគ្នានេះ បរិស្ថានវិទូ នៅឯសាកលវិទ្យាល័យ Nevada, Reno លោកបណ្ឌិត Zeb Hogan បានលើកឡើងថា នៅកម្ពុជា ទន្លេមេគង្គ ដែលតភ្ជាប់នឹងបឹងទន្លេសាប គឺជាជង្រុកជីវចម្រុះដ៏សំបូរបែប និងជាជម្រកដ៏រឹងមាំ សម្រាប់ការរស់នៅនិងធំធាត់របស់សត្វព្រៃ (សត្វចតុបាត សត្វស្លាបទឹក និង សត្វល្មូន) ពិសេសត្រីមានរាប់រយប្រភេទ ដែលក្នុងនោះ មានទាំងប្រភេទត្រីបំផ្លាស់ទី ដោយកម្រ និងជិតផុតពូជផងដែរ ។
លោក បានលើកឡើងថា ត្រីមានតួនាទីសំខាន់បំផុត នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសនេះ ដែលទាមទារឲ្យមានកិច្ចការពារ អភិរក្ស និងអភិវឌ្ឍន៍ ដើម្បីធានានូវនិរន្តរភាពសន្តិសុខស្បៀង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម