Connect with us

កូនកើតពងបែកនៅកន្លែងបែបនេះ បើប៉ាម៉ាក់ប្រហែសប្រយ័ត្ន ត្រូវសង្គ្រោះមិនបន្ទាន់

ចំពោះក្មេងៗ គឺជាវ័យមួយដែលម៉ាក់ប៉ាគួរថែទាំសុខភាពកូន និងធ្វើអនាម័យកូនឱ្យបានល្អ ពីព្រោះអាអូនតូចៗងាយប្រឈមនឹងជំងឺផ្សេងៗច្រើនទៀត។ ស្របគ្នានេះ ជំងឺពងបែកដៃជើង និងមាត់ក៏កើតលើក្មេងតូចៗញឹកញាប់ដែរ ដូចនេះម៉ាក់ប៉ាគួរដឹងពីរោគសញ្ញា និងវិធីការពារបញ្ហាមួយនេះ។
តាមលោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ជំងឺពងបែកដៃជើង និងក្នុងមាត់(Hand Foot Mouth Disease) ជាជំងឺឆ្លង ភាគច្រើនកើតលើកុមារ និងទារក ហើយវាបណ្ដាលមកពី មេរោគក្នុងក្រុម Enterovirus បង្កពងបែកដៃជើង និងមាត់ និងបង្កដោយ Coxsackievirus ហើយក៏បណ្ដាលមកពី Enterovirus 71(EV71)ផងដែរ។

វេជ្ជបណ្ឌិតរូបនេះបន្តថា ករណីនៃជំងឺពងបែកដៃជើង និងមាត់ភាគច្រើនជាករណីស្រាល ហើយអាចជាសះស្បើយបានក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលរោគសញ្ញាស្រាលមានដូចជា៖ គ្រុនក្ដៅ និងពងបែកលើដៃ លើជើង និងក្នុងមាត់។ ផ្ទុយពីនេះ ក៏មានកុមារមួយចំនួនដែលអាចវិវត្តពីករណីស្រាលទៅជាធ្ងន់ធ្ងរដែលទាមទារឱ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដែលរោគសញ្ញាករណីធ្ងន់ធ្ងរមានដូចជា៖

– គ្រុនក្ដៅ
– ក្អួត
– ប្រកាច់
– ពិបាកដកដង្ហើម
– រឹងដៃ រឹងជើង ជាដើម។

ទាក់ទងនឹងជំងឺពងបែកដៃជើង និងមាត់នេះដែរ ក្រសួងសុខាភិបាលធ្លាប់បានផ្សព្វផ្សាយឱ្យដឹងថា ជំងឺពងបែកដៃជើង និងមាត់ ក៏អាចបង្កជាផលពិបាកធ្ងន់ធ្ងរដែរ ប៉ុន្តែវាជាករណីកម្រមាន។ ផលវិបាកទាំងនោះរួមមាន ក្មេងតូចអាចហត់ ប្រកាច់ ឬកន្ត្រាក់ដៃជើង ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃចេញពីពងបែក លាមកអ្នកជំងឺ។
គួរបញ្ជាក់ថា ក្នុងករណីដែលកូនក្តៅខ្លួន ហើយមានចេញរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ហាមដាច់ខាតប្រើថ្នាំ អាស្ពីរីន (Aspirin) ដើម្បីបញ្ចុះកម្ដៅកូន។

ដូចនេះ លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានណែនាំឲ្យលាងដៃកូនឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ជាពិសេស ក្រោយពេលប៉ះពងបែក ឬដំបៅ ហើយសម្រាប់ម៉ាក់ប៉ាក៏ដូចគ្នា ត្រូវលាងដៃឱ្យបានស្អាត មុនពេលរៀបចំអាហារឱ្យកូន និងបន្ទាប់ពីលាងសម្អាត ឬងូតទឹកឱ្យកូនដែលមានជំងឺពងបែកដៃជើង និងមាត់នេះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ៕

ប្រភព៖ “Hello គ្រូពេទ្យ”

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com