Connect with us

ប៉ាម៉ាក់ត្រូវដឹងវិធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ

ប៉ាម៉ាក់មានអូនតូចៗទើបចេះដើរតេះតាស់ ដឹងហើយថាអូនៗច្រើនមិនចូលចិត្ដញ៉ាំតាមពេលម៉ោងបាយទេ ឬពេលខ្លះមិនទាំងចង់ញ៉ាំអាហារផង។ បញ្ហានេះអាចជារឿងដែលត្រូវព្រួយបារម្ភដែរ ដោយសារតែរឿងចំណង់អាហារថយចុះអាចទាក់ទងជាមួយបញ្ហាសុខភាពជាច្រើនដែលយើងមិនអាចដឹងបាន។ ក្រៅពីនេះ ទម្លាប់នៃការញ៉ាំអាហាររបស់កូនក្មេងក៏អាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ស្មារតី និងរាងកាយអូនៗថែមទៀតផង។

១- ហេតុអ្វីបានជាចំណង់អាហារក្មេងតូចៗថយចុះ?

ជំងឺជាមូលហេតុចម្បងដែលធ្វើឱ្យកូនរបស់យើងមិនចង់ញ៉ាំអាហារ។ ម៉ាក់ប៉ាអាចពិនិត្យអូនៗរកមើលសញ្ញាមួយចំនួនដូចជាឈឺបំពង់ក ក្ដៅខ្លួន ឡើងកន្លួលរមាស់ និងសញ្ញាដទៃផ្សេងទៀត។ ប្រសិនបើកូនមានសញ្ញាទាំងអស់នេះ អូនៗប្រហែលជាឈឺហើយ ហើយប៉ាម៉ាក់ត្រូវទាក់ទងទៅកាន់គ្រូពេទ្យដើម្បីទទួលការព្យាបាល។ ក្រៅពីនេះក៏មានមូលហេតុមួយចំនួនដូចខាងក្រោម ក៏ធ្វើឱ្យអូនៗមិនចង់ញ៉ាំអាហារបានដែរ៖

– ញ៉ាំនំចំណីនៅចន្លោះម៉ោងបាយ
– ផឹកទឹកផ្លែឈើ ឬផឹកទឹកអ្វីផ្សេងនៅចន្លោះម៉ោងបាយនីមួយៗ
– ប្រើប្រាស់ថាមពលតិចជាងធម្មតា
២- វិធីជួយបង្កើនចំណង់អាហាររបស់កូនតូចៗ
យោងតាមចំណង់ចំណូលចិត្ដរបស់ក្មេង អាយុ កម្រិតថាមពល ឬការលូតលាស់ប៉ាម៉ាក់អាចសាកល្បងវិធីមួយចំនួនដូចខាងក្រោមដើម្បីជួយកូនឱ្យចង់ញ៉ាំអាហារ៖

បង្កើតបរិយាកាសសប្បាយពេលម៉ោងបាយ៖ប៉ាម៉ាក់គួរបង្កើតបរិយាកាសសប្បាយៗឱ្យបានច្រើនពេលញ៉ាំបាយ។ បញ្ចុកអាហារឱ្យអូនៗ និងឱ្យសិទ្ធរើសអាហារដែលគេចង់ញ៉ាំ។ មិនត្រូវបង្ខំឱ្យកូនញ៉ាំអាហារដែលមិនចង់ញ៉ាំឡើយ។

ត្រូវតាមដានការញ៉ាំរបស់កូនៗ៖ មូលហេតុសំខាន់ជាងគេធ្វើឱ្យកូនមិនសូវឃ្លានបាយនោះគឺ អូនៗញ៉ាំនំចំណី និងអាហារច្រើនក្នុងមួយថ្ងៃ។ ផ្ទុយមកវិញប៉ាម៉ាក់គួរកំណត់បរិមាណអាហារដែលត្រូវញ៉ាំ។

ធ្វើម្ហូបប្លែកៗឱ្យកូនញ៉ាំ៖ ក្មេងៗចាប់ចិត្ដជាមួយរបស់មានពណ៌ស្រស់ស្អាត និងមើលទៅគួរឱ្យចាប់អារម្មណ៍។ ដូចនេះហេតុអ្វីម៉ាក់ៗមិនសាកល្បងបង្កើតម៉ោងបាយឱ្យទៅជាពេលដែលក្មេងចូលចិត្ដ និងធ្វើឱ្យកូនរង់ចាំឱ្យដល់ម៉ោងបាយកាន់តែឆាប់។ ម៉ាក់ៗអាចសាកល្បងកាត់អាហារឱ្យទៅជារាងទន្សាយ ព្រះអាទិត្យ ពពក សត្វឆ្កែ ឬធ្វើជារូបអ្វីដែលកូនចូលចិត្ដ។ ប៉ុន្តែត្រូវតែប្រកដថាអាហាររបស់អូនៗត្រូវតែមានប្រភេទ ៤មុខដូចខាងក្រោម៖

– ផលិតផលម្សៅអង្ករ ឧទាហរណ៍ដូចជា បាយ ប៉ាស្តា នំប៉័ង និងផលិតផលម្សៅដទៃទៀតដែលសំបូរដោយអាស៊ីតហ្វូលិច ជាតិដែក ឬវីតាមីន B
– បន្លែ និងផ្លែឈើកាត់ជាចំណិតៗ
– ផលិតផលទឹកដោះមានដូចជាទឹកដោះគោ យ៉ាអួ ឈីស និងផលិតផលមួយចំនួនទៀត
– សាច់ក្រហម សាច់សត្វស្លាប និងត្រី

មិនត្រូវរំខានកូន៖ ប្រើតុក្កតា ឬបើកទូរទស្សន៍ដើម្បីលួងកូនឱ្យញ៉ាំបាយគឺជាវិធីមិនត្រឹមត្រូវឡើយ។ នេះក៏ដោយសារតែកូនរបស់យើងនឹងមានទម្លាប់អាក្រក់ពេលញ៉ាំអាហារ។ ក្នុងថ្ងៃណាមួយកូននឹងមិនញ៉ាំរហូតគេមានរបស់លេង ឬបើកទូរទស្សន៍ឱ្យមើល។

ឱ្យកូនញ៉ាំតិចៗបានហើយ៖ កូនរបស់យើងមានក្រពះតូចជាងក្រពះមនុស្សធំ។ ដូចនេះប្រសិនបើយើងបញ្ចុកអាហារឱ្យកូនច្រើនលើសពីអ្វីកូនញ៉ាំបាន នោះចំណង់អាហាររបស់កូននឹងធ្លាក់ចុះ។ ប៉ាម៉ាក់គ្រាន់តែឱ្យកូនញ៉ាំបន្តិចដោយដាក់លើចានធំមួយ រួចចាំរហូតកូនញ៉ាំអស់ និងបើចង់ឱ្យកូនញ៉ាំថែមទៀត ត្រូវចាំរហូតឃើញថាកូនទារចង់ញ៉ាំទៀតមែន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com