Connect with us

ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ បង្ហើបពីបំណងបើកសាខាដំបូងរបស់ខ្លួននៅកម្ពុជា

បាងកក៖ ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) គ្រោងនឹងបើកសាខានៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជម្រើសដល់និស្សិតដែលចង់បន្តសិក្សាក្នុងប្រទេសសមាជិកអាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធាន មនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។

លោកបណ្ឌិត ចាក់គ្រីន ស្រ៊ីមូន (Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិ បានបង្ហើបដូច្នេះ នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក អ៊ូក សោភ័ណ បានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើឱ្យប្រតិភូ UTCC សិក្សាអំពីលទ្ធភាពពង្រីកសាខាដំបូងទៅកាន់ ខេត្តសៀមរាប និងសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានដេប៉ាតឺម៉ង់ភាសាថៃ ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។

លោកឯកអគ្គរាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មកបន្តការសិក្សានៅក្នុងប្រទេសថៃ ក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com